(ព្រៃវែង)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពី និងលោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង បាននាំយកអង្ករសរុប៤៦តោន និងស្បៀងយ៉ាងច្រើន ផ្តល់ដល់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ដើម្បីទុកចែកជូនប្រជាពលរដ្ឋតាមស្រុកនានា ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
ការផ្តល់ស្បៀងនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ហើយលោក ហ៊ុន ម៉ានី បានឧបត្ថម្ភអង្ករ១០តោន, ទឹកផ្លែឈើ ១,០០០កេស, មីយើង ៣៥០កេស, ត្រីខ ៣៥០កេស និងទឹកសុទ្ធ ២០លីត្រ ចំនួន៣៥០ធុង។ ក្រៅពីអំណោយស្បៀងរបស់លោក ហ៊ុន ម៉ានី, លោក ស សុខា និងភរិយា ព្រមទាំងក្រុមការងារ បានឧបត្ថម្ភអង្ករ ៣៦តោន, មី៦០០កេស, ទឹកត្រី២០០យួរ,ទឹកស៊ីអ៊ីវ ៣០០យួរ, ធុងទឹក៦០០ធុង និងសាប៊ូកក់សក់ ខ្លាស ២០កេសធំ ផងដែរ។
សូមរំឭកថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ដព្រៃវែង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពទឹកទន្លេខេត្តព្រៃវែង ដែលនៅតែបន្ដកើនឡើងជាលំដាប់ ហើយគិតត្រឹមថ្ងៃនោះ ទឹកទន្លេមេគង្គ-អ្នកលឿង មានកម្ពស់៧.៤៨ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន៧.៥០ម៉ែត្រ។
អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់កំពុងកើនឡើង ដល់កម្រិតកម្ពស់ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ ពិសេសប្រជាពលរដ្ឋនៅតាមដងទន្លេ និងមាត់ព្រែក។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន លោក ជា សុមេធី បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តនូវផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ន ដោយចាត់កម្លាំងសរុប និងមធ្យោបាយ អន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕