(ភ្នំពេញ)៖ បើទោះប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់ដែលដឹកនាំដោយលោក សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បានធ្វើសកម្មភាពសស្រាក់សស្រាំយ៉ាងណាក្តី តែការរកស៊ីដឹកលើសទម្ងន់នៅតែកើតមានរាល់ថ្ងៃ ពោលក្រុមអ្នករកស៊ីដឹកជញ្ជូនមិនភ្ញាក់រលឹកអានិតផ្លូវនោះឡើយ ហើយនៅតែបន្តដឹកលើសទម្ងន់បំពានច្បាប់ បំផ្លាញផ្លូវដដែល។
នៅថ្ងៃអាទិត្យ ទី០២ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ លោក សេង ឈួន បន្តដឹកនាំកម្លាំងឆ្មក់ចុះត្រួតពិនិត្យការដឹកជញ្ជូននៅតាមផ្លូវ៦០ម៉ែត្រ និងផ្លូវមិត្តភាពកម្ពុជា-វៀតណាម ហៅផ្លូវហាណូយ ក្នុងរាជធានីភ្នំពេញ ហើយស្ទាក់ចាប់បានរថយន្ត ១១គ្រឿងទៀត ដែលដឹកលើសទម្ងន់ចន្លោះពី ១០តោន ទៅ ២៨តោន។
តាមរូបមន្តគណនាដឹកលើសទម្ងន់ បានបង្ហាញថា រថយន្តមួយគ្រឿងដឹកលើសទម្ងន់កំណត់ ១តោន ស្មើនឹងរថយន្ត ១ពាន់គ្រឿងឆ្លងកាត់លើផ្លូវនោះ ហើយបើរថយន្តមួយគ្រឿង ដឹកលើសទម្ងន់រហូតដល់ទៅ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿង បានបើកបរនៅលើផ្លូវនោះ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែបានអំពាវនាវជារឿយៗដល់អ្នកបើកបរទាំងអស់គោរពច្បាប់មេត្តាកុំបើកបរទឹកលើសទម្ងន់ ព្រោះការដឹកលើសទម្ងន់នេះបំផ្លាញផ្លូវធ្ងន់ធ្ងរណាស់។ លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា លោកមិនចង់បានប្រាក់ផាកពិន័យពីការដឹកលើសទម្ងន់នោះឡើយ ព្រោះវាមិនអាចយកមកទូទាត់ជាមួយទំហំនៃការខូចផ្លូវបាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសបើកដៃឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ចាត់វិធានការឲ្យបានតឹងរឹងបំផុត ដោយគ្មានការលើកលែងនោះឡើយចំពោះរថយន្តដឹកលើសទម្ងន់នេះ ទោះបីអ្នកប្រព្រឹត្តខុសនោះមានលុយ មានអំណាច ឬមានឥទ្ធិពលធំកម្រិតណាក៏ដោយ។
មន្ត្រីធ្លាប់បានបញ្ជាក់ថា ការបង្ក្រាបរថយន្តដឹកលើសទម្ងន់នេះមិនអាចទទួលបានជោគជ័យនោះឡើយ ប្រសិនបើអ្នកដឹកជញ្ជូនមិនភ្ញាក់រលឹកចូលរួមអានិតផ្លូវដែលរងការខូចខាតដោយសារតែការដឹកជញ្ជូនរបស់ខ្លួនទេនោះ។ ការទប់ស្កាត់នេះ ក៏មិនអាចទទួលបានជោគជ័យផងដែរ ប្រសិនបើខ្វះកិច្ចសហការពីសមត្ថកិច្ចពាក់ព័ន្ធ៕