(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី បានចាកចេញពីទីក្រុងហ្សាកាតាហើយ នាព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ដោយគ្រោងនឹងមកដល់មាតុភូមិ នាវេលាម៉ោង ៥៖៣៥នាទីល្ងាចនេះ ខណៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានត្រៀមទទួលស្វាគមន៍ និងជួបសំណេះសំណាលភ្លាមៗ នៅវិមានសន្ដិភាព ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ដែលបានខិតខំដណ្ដើមជោគជ័យជាប្រវត្តិសាស្ដ្រជូនជាតិពីព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបនេះ ។
ដំណើរនិវត្តន៍អមដោយសមិទ្ធិផល បំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ ៦៤ឆ្នាំនេះ នឹងមានពិធីទទួលស្វាគមន៍យ៉ាងពិសេស តាមអនុសាសន៍ដ៏ខ្ពងខ្ពស់របស់សម្ដេចតេជោ ដោយមានក្បួនដង្ហែររថយន្ដ អមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព និងចូលជួបសម្ដែងការគួរសម្យជាមួយសម្ដេចតេជោនាយករដ្ឋមន្ដ្រី ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់ ក្រោយចុះពីលើយន្ដហោះផងដែរ ។
យ៉ាងណាមិញគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋរស់នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី និងអ្នកធ្វើដំណើរ សូមត្រៀមចូលរួមអបអរសាទរឲ្យបានច្រើនកុះករនូវក្បួនដង្ហែរខាងលើ ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីកម្ពុជា រហូតដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ជូនជាតិ ដែលជាសមិទ្ធិផលជាប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បើគិតតាំងពីឆ្នាំ១៩៥៤ រហូតដល់ឆ្នាំ២០១៨ ។
គួរបញ្ជាក់ថា យុទ្ធនាការប្រកួតកីឡាអាស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានបញ្ជូនកីឡា ១៣ប្រភេទទៅចូលរួម ខណៈលទ្ធផលកម្ពុជាដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងកីឡាជឺជិតស៊ូ ដណ្ដើមបានដោយកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាស ១ ហើយតាមគម្រោងល្ងាចនេះ នៅក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកកម្ពុជា ចូលជួបសម្ដែងការគួរសម្យ សម្ដេចក៏នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ម្ចាស់ជ័យលាភីភ្លាមៗផងដែរ ។
ចំពោះប្រាក់រង្វាន់ជ័យលាភីអត្តពលិកដណ្ដើមបានមេដាយកីឡាអាស៊ី Asian Games នេះ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មេដាយមាសទទួលបាន ៨០លានរៀល, មេដាយប្រាក់ ទទួលបាន ៤០លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ២៤លានរៀល ដែលជាប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចជាគោលការណ៍ ដើម្បីលើកទឹកចិត្តបន្ថែម ដល់អត្តពលិកដណ្ដើមបានជ័យលាភីជូនជាតិផងដែរ ដោយមេដាយមាស សម្ដេចឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារ, មេដាយប្រាក់ ៥ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ៣ពាន់ដុល្លារទៀតផង ៕