(ភ្នំពេញ)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អគ្គស្នងការនគរបាលជាតិ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សមាគមអ្នកលក់ឱសថកម្ពុជា និងសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្តកម្ពុជា បានសហការគ្នាបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលដ៏ពិសេសមួយជូនដល់ម្ចាស់ ឬតំណាងឱសថស្ថាន (ហ្វាម៉ាស៊ី) មន្ទីរសម្រាកព្យាបាល សម្ភព (គ្លីនិក) ឱ្យបានយល់ដឹងកាន់តែច្បាស់ពីនីតិវិធីច្បាប់នានា ដែលពាក់ព័ន្ធនឹងការប្រកបអាជីវកម្មសុខាភិបាលប្រចាំថ្ងៃ។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនារសៀលនាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារហាយស្កាយ (គៀនឃ្លាំង) ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ លោកវេជ្ជបណ្ឌិត ង៉ែត វ៉ាន់ធួក ប្រធានសេវាឯកជននៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិន និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា។
ក្នុងឱកាសនោះ លោក ឡី សុភាព បានលើកឡើងពីបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មសុខាភិបាលទាំងមិនស្របច្បាប់ ដូចជាការផ្សព្វផ្សាយលក់ផលិតផលឱសថ និងគ្រឿងសម្អាងតាមអនឡាញជាដើម ដោយលោកបានបញ្ជាក់ថា បើការផ្សព្វផ្សាយលក់ផលិតផលស្របតាមនិយាមរបស់ក្រសួងសុខាភិបាល វាមិនចោទជាបញ្ហានោះឡើយ តែផ្ទុយទៅវិញប្រសិនបើការផ្សព្វផ្សាយនោះមានការភូតភរ ពន្លើស បោកប្រាស់ វានឹងបង្កជាបញ្ហាច្រើន។
ដូច្នេះហើយបានជាសមាគមអ្នកលក់ឱសថកម្ពុជា សហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្តកម្ពុជា សហការជាមួយអគ្គស្នងការនគរបាលជាតិ និងមន្ទីរសុខាភិបាលភ្នំពេញ រៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បីឱ្យម្ចាស់ឱសថស្ថាន ម្ចាស់គ្លីនិកបានយល់កាន់តែច្បាស់ពីច្បាប់ពាក់ព័ន្ធនានា ជៀសវាងការប្រព្រឹត្តខុសដោយមិនដឹងខ្លួនក្នុងការប្រកបរបរប្រចាំថ្ងៃ។
លោកបន្តថា ជំហានទី១ គឺត្រូវពន្យល់ផ្សព្វផ្សាយពីផ្លូវច្បាប់ជាមុនសិន ដើម្បីឱ្យពួកគេបានយល់កាន់តែច្បាស់ និងអនុវត្តបានត្រឹមត្រូវ ហើយបន្ទាប់មកស្ថាប័នពាក់ព័ន្ធនឹងសហការគ្នាចុះត្រួតពិនិត្យ និងចាត់វិធានការតាមច្បាប់ ចំពោះមូលដ្ឋានអាជីវកម្មសុខាភិបាលណាដែលប្រព្រឹត្តខុសនឹងច្បាប់ ឬមានចេតនាខិលខូចបោកប្រាស់ប្រជាពលរដ្ឋ ដែលទៅរកសេវាសុខាភិបាលនៅកន្លែងទាំងនោះ។
លោកបានឱ្យដឹងថា ក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការបញ្ជ្រាបចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងច្បាប់ នីតិវិធី បទបញ្ជានានា ព្រមទាំងពន្យល់ពីការសុំចុះបញ្ជី និងការបន្តសុពលភាពអាជីវកម្ម តាមការិយាល័យច្រកចេញចូលតែមួយផងដែរ (មាននៅគ្រប់ខណ្ឌ ក្រុង និងស្រុកទូទាំងប្រទេស) ដែលបានផ្ដល់នូវភាពងាយស្រួលយ៉ាងច្រើនដល់អាជីវករ ដែលចង់បើកអាជីវកម្មលើវិស័យសុខាភិបាល ព្រមទាំងវិស័យផ្សេងទៀតផងដែរ។
ពាក់ព័ន្ធនឹងចំណុចនេះ លោកវេជ្ជបណ្ឌិត ង៉ែត វ៉ាន់ធួក បានបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលបើកឱ្យមានការិយាល័យច្រកចូលតែមួយ ឃើញថាការចុះបញ្ជីបើកអាជីវកម្មសុខាភិបាលនានា នៅរាជធានីភ្នំពេញមានការកើនឡើងច្រើន។
ជាមួយគ្នានោះ លោក ឡី សុភាព ក៏បានបន្ថែមដែរថា ចំពោះអ្នកដែលមិនទាន់យល់ ហើយមិនចេះបំពេញបែបបទនានាក្នុងការចុះបញ្ជីបើកអាជីវកម្ម សមាគមអ្នកលក់ឱសថកម្ពុជា និងសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្តកម្ពុជារបស់លោក ក៏មានក្រុមការងារចាំជួយសម្រួលសព្វគ្រប់ជូនអាជីវករទាំងនោះផងដែរ។
ទោះជាយ៉ាងណា ទាំងលោកឧត្តមសេនីយ៍ទោ ជា ប៊ុនថុល ទាំងលោកវេជ្ជបណ្ឌិត ង៉ែត វ៉ាន់ធួក និងលោកបណ្ឌិត ឡី សុភាព បានអំពាវនាវដល់ពាណិជ្ជករ សិប្បករ ឧស្សាហករ អាជីវករទាំងអស់ ដែលប្រកបអាជីវកម្មក្នុងវិស័យសុខាភិបាល មានដូចជាវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត សូមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះឱ្យបានគ្រប់គ្នា ដែលមានក្រុមវេគ្មិនជាច្រើននៅរង់ចាំបណ្ដុះបណ្ដាលគ្រប់ពេល មានទាំងវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី និងរយៈពេលវែង ដើម្បីចូលរួមលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា ឱ្យមានការរីកចម្រើនប្រកបដោយប្រសិទ្ធភាពខ្ពស់៕