(តាកែវ)៖ នៅព្រឹកថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកស្រី កុយ ពិសី សមាជិកគណកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះពង្រឹងស្រុកគីរីវង់ និងជាប្រធានក្រុមការងារចុះពង្រឹងឃុំព្រៃអំពក បានដឹកនាំក្រុមការងារនាំយកវត្ថុអនុស្សាវរីយ៍ជាលិខិតថ្លែងអំណរគុណ និងនាឡិកា ចំនួន៣៩២គ្រឿង ចែកជូនជនបង្គោលនៅឃុំព្រៃអំពក ក្នុងស្រុកគិរីវង់ ក្រោយពីឈ្នះឆ្នោត។

បើតាម លោកស្រី កុយ ពិសី អំណោយទាំងនេះ មានការឧបត្តម្ភពីលោក សុខ សូកាន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ក្នុងនោះមានលិខិតថ្លែងអំណរគុណ និងនាឡិកា ចំនួន៣៩២គ្រឿង ត្រូវបានលោកស្រី យកទៅចែកជូនដល់ជនបង្គោល នៅក្នុងភូមិទាំង ៩ នៃឃុំព្រៃអំពក ដើម្បីជាការថ្លែងអំណរគុណដល់ពួកគាត់ដែលបានខិតខំបំពេញការងារ ដែលទទួលបានលទ្ឋផលជ័យជំនះដ៏ធំធេងជូនគណបក្សប្រជាជនកន្ពុជា និងឃុំព្រៃអំពក នៃការបោះឆ្នោតជាតិ កន្លងទៅ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ពីការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ ដោយបានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា។ បន្ទាប់ពីទទួលបានជ័យជំនះនេះ ថ្នាក់ដឹកនាំមូលដ្ឋាននានារបស់គណបក្សប្រជាជនបានចុះជួបសំណេះសំណាល និងថ្លែងអំណរគុណប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតជាបន្តបន្ទាប់៕