(ភ្នំពេញ)៖ លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានដឹកនាំកម្មវិធី ជួបជុំនិស្សិតគ្រប់ជំនាន់ និងគ្រប់កម្រិតសិក្សាទាំងអស់ ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ចាប់ពីជំនាន់ទី១ ដល់ជំនាន់ទី១៣។
កម្មវិធីដ៏ធំនេះ ត្រូវបានធ្វើឡើងនៅព្រលប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគាសុខាភ្នំពេញត្រើយម្ខាង ដែលមានការចូលរួមពីសាស្ត្រាចារ្យល្បីៗ ប្រចាំសាកលវិទ្យាល័យ និស្សិតគ្រប់ជំនាន់ទាំងអស់ និងភ្ញៀវយ៉ាងច្រើនកុះករ ញ៉ាំងឲ្យកម្មវិធីពោរពេញដោយភាពសោមនស្ស និងអ៊ូអរយ៉ាងក្រៃលែង។
ថ្លែងសំណេះសំណាលក្នុងកម្មវិធីនារាត្រីដ៏អស្ចារ្យនេះ លោកស្រី ទេព កូលាប បានថ្លែងអំណរគុណដល់អតីតនិស្សិតទាំងអស់ ដែលមិនទៅណាចោលលោកស្រី ក្នុងគ្រាដែលលោកស្រីមានបញ្ហា។ លោកស្រីបន្តថា សាកលវិទ្យាល័យមានឈ្មោះល្បីដល់សព្វថ្ងៃនេះ ដោយសារតែមាននិស្សិតទាំងអស់ ផ្តល់ក្តីទុកចិត្តយ៉ាងខ្លាំងមកលើសាកលវិទ្យាល័យ។
លោកស្រីសាកលវិទ្យាធិការ បានថ្លែងបន្តថា ការឈរកន្លែងមួយដ៏រឹងមាំបាន មិនមែនដោយសារយើងឈរតែម្នាក់ឯងទេ គឺដោយសារយើងមានអ្វីដែលល្អ ដែលតែងតែនៅក្បែរយើងទាំងអស់គ្នា។ លោកស្រី បានសង្ឃឹមថា និស្សិតដែលរៀនចប់អស់ហើយនោះ នឹងមានការងារល្អក្នុងជីវិត ហើយចែករម្លែកពីអ្វីល្អដែលខ្លួនមាន ដល់និស្សិតជំនាន់ក្រោយផងដែរ។
បើតាមលោកស្រី ទេព កូលាប កម្មវិធីជួបជុំនិស្សិតលើកទី១នេះ មានគោលបំណង៖
១៖ ផ្សារផ្ជាប់មិត្តភាពរវាងអតីតនិស្សិតរបស់សាកលវិទ្យាល័យទាំងអស់ ជាមួយគណៈគ្រប់គ្រង សាស្តា្រចារ្យ និងបុគ្គលិក។
២៖ ចែករម្លែកបទពិសោធន៍ការងារកន្លងមក ក៏ដូចជាបច្ចុប្បន្នដែលកំពុងជួបប្រទះ។
៣៖ ចែករម្លែកព័ត៌មានទាក់ទងទៅនឹងធុរកិច្ច ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះផងដែរ។
៤៖ បង្កើតវប្បធម៌ការប្រាស្រ័យទាក់ទងគ្នា រវាងអតីតនិស្សិតសាកលវិទ្យាល័យ គ្រប់ជំនាន់ គ្រប់កម្រិត ដូចជាការជួបជុំគ្នារៀងរាល់១ឆ្នាំម្តង ចាប់ពីពេលនេះតទៅ៕