(រតនគិរី)៖ ក្នុងពិធីចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ២៨៩គ្រួសារ នៅស្រុកតាវែង នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំឆ្នាំ២០១៨នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋនៅស្រុកតាវែង ក៏ដូចជាពលរដ្ឋទូទាំងខេត្ត ដែលពុំទាន់មានផ្លូវកៅស៊ូ ឬបេតុង ហើយត្រូវរងការខូចខាតដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាមិនអាចជួសជុលបានទាន់ពេលវេលា។
លោកបន្តថា ក្រោយរាំងភ្លៀងពីរថ្ងៃមកនេះលោកបានចាត់ឲ្យអាជ្ញាធរជំនាញធ្វើការជួសជុលបណ្តោះអាសន្ននូវចំណុចផ្លូវលំដែលរងការខូចខាតឡើងវិញ និងខិតខំអភិវឌ្ឍន៍បន្ថែមទៀតសម្រាប់អាណត្តិថ្មីនេះ ឲ្យមានផ្លូវលំ ផ្លូវកៅស៊ូដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។
លោក ថង សាវុន បានជំរុញឲ្យពលរដ្ឋដែលរងគ្រោះខិតខំបង្កបង្កើនផលឡើងវិញក្រោយគ្រោះទឹកជំនន់ និងថែរក្សាអនាម័យសុខភាពការរស់នៅឲ្យបានល្អ។ ទន្ទឹមនឹងនោះដែរលោកក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ខ្ពស់នៅក្នុងការងារអន្តរាគមន៍ និងសង្គ្រោះកៀរគរពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា៕