(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្រ្តៃយ៍ នៃគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្តដឹកនាំក្រុមការងារចុះថ្លែងអំណរគុណ ដល់កងកងកម្លាំងសមត្ថកិច្ច និងប្រជាការពារភូមិ ព្រមទាំងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះលោកស្រីក៏បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រជាការពារទាំងអស់ ដែលបានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក៏ដូចការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អនៅមូលដ្ឋាន ក៏ដូចជាកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណតិ្តទី៦ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុងអាណ្តិទី៦នេះរហូត១២៥អាសនៈ។
លោកស្រីបានបញ្ជាក់ថា ជ័យជំនះទាំងនេះកើតចេញអំពី៖
ទី១៖ ការចូលរួមរបស់បងប្អូនទាំងអស់គ្នា។
ទី២៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់១១ចំណុច ដែលបានបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ តាមរយៈ អភិក្រម មនុស្ស ផ្លូវ ទឹក ភ្លើង។
ទី៣៖ អំពើល្អ និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ និងឆាកអន្តរជាតិ។
លោកស្រីបានបន្តទៀតថា អាណាត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀតព្រមទាំង ទាក់ទាញអ្នកវិនិយោគ បង្កើតជារោងចក្រ សហគ្រាសជាច្រើនទៀតឲ្យមករកស៊ីនៅខេត្តខេត្តស្វាយរៀង ដើម្បីឱ្យប្រជាពលរដ្ឋ មានការងារធ្វើកាត់បន្ថយភាពក្រីក្រ បង្កើនជីវភាពបានមួយកំរិតបន្ថែមទៀត។
លោកស្រីក៏បានសូមសំណូមពរឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចនៅមូលដ្ឋាននិងប្រជាការពារទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវា សាធារណៈឲ្យបានល្អ និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គមនៅក្នុងមូលដ្ឋាន របស់ខ្លួនឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។ សូមបញ្ជាក់ថា នៅក្នុងពិធីនេះ ក៏មានចាប់ឆ្នោតយករង្វាន់ជូនដល់សមាជិកសមាជិការនិងកម្លាំងប្រជាការពារភូមិផងដែរ៕