(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ នាល្ងាចថ្ងៃទី០១ ខែកញ្ញា និស្សិតដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ(IBM) ជំនាន់ទី១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) បានរៀបចំនូវកម្មវិធីជួបជុំពិសារអាហារសាមគ្គីមួយ នៅទួលទំពូង ដើម្បីថ្លែងអំណរគុណលោកគ្រូ-អ្នកគ្រូ និងចែករំលែកបទពិសោធន៍មួយចំនួនដល់សិស្សប្អូន ដើម្បីជាគ្រឹះឆ្ពោះទៅរកភាពជោគជ័យ ខណៈក្រោយបញ្ចប់ការសិក្សាពួកគេ សុទ្ធតែមានការងារធ្វើ និងទទួលបានអាហារូបករណ៍ទៅបន្ដការសិក្សាក្រៅស្រុកថែមទៀត ។
កញ្ញា សែម មួយគៀរ បានលើកឡើងថា ក្រោយចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ IBM បានធ្វើឲ្យខ្លួនសម្រេចគោលដៅមួយដំណាក់កាល ហើយឈានទៅចាប់យកឱកាសថ្មីមួយទៀត គឺការទទួលបានអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតនៅចិន ។ កញ្ញានិយាយថា «មានក្រុមហ៊ុនច្រើន បានទាក់ទងខ្ញុំ ធ្វើការក្រោយចប់ការសិក្សា ប៉ុន្ដែខ្ញុំចង់ពង្រឹងសមត្ថភាពបន្ថែម នៅបរទេសសិន ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់មកធ្វើការ និងប្រកួតប្រជែងលើទីផ្សារការងារកម្ពុជា ពិសេសខ្ញុំចង់រួមចំណែកអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន» ។
ទន្ទឹមជាមួយគ្នាលោក កាំង ម៉េងតុង ដែលជានិស្សិតទើបបញ្ចប់ការសិក្សាដូចគ្នា បានចែករំលែកនូវបទពិសោធន៍មួយចំនួនដល់សិស្សប្អូនរបស់ខ្លួន ជុំវិញការសិក្សាជំនាញថ្មីមួយនេះ ដោយសារមានការងារជាច្រើន កំពុងរង់ចាំពួកគេ ។ ម៉េង់តុង លើកឡើងថា «ការងារនីមួយៗ ក្នុងជំនាញ IBM គឺអាចទទួលបានចំណូលច្រើន ដូច្នេះទាមទារឲ្យនិស្សិត ត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់ ដើម្បីពង្រឹងសមត្ថភាពលើជំនាញខ្លួនស្រលាញ់ ។ មិនតែប៉ុណ្ណោះ ក៏អាចជំរុញឲ្យអ្នកចង់ធ្វើ Business ផ្ទាល់ខ្លួនសម្រេចគោលដៅផងដែរ» ។
លោកបណ្ឌិត ភូ សម្បត្តិ ប្រធានដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ នៃសាកលវិទ្យាល័យ RUPP បានបញ្ជាក់ថា ក្នុងនាមសាស្ដ្រាចារ្យ លោកពិតជារីករាយក្រោយពេលនិស្សិតជំនាន់ទី១ របស់ IBM ជាង ១០០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ និងមានការងារធ្វើគ្រប់ៗគ្នា លើកលែងនិស្សិត បន្ដការសិក្សា ក្រៅស្រុក ដូចជាកូរ៉េ ជប៉ុន ដាណឺម៉ាក អូស្ដ្រាលី អឺរ៉ុប ពិសេសគឺសាកលវិទ្យាលមួយនៅចិន ដែលបានផ្ដល់អាហារូបករណ៍ ១០០% ដល់និស្សិត ១២នាក់ តាមរយៈការជឿជាក់លើសមត្ថភាព និងភាសារបស់ពួកគេ ។
លោកបានវាយតម្លៃខ្ពស់ ចំពោះដេប៉ាតឺម៉ង់ IBM ដែលរួមចំណែកជួយឲ្យនិស្សិតសម្រេចគោលដៅ ហើយសាកលវិទ្យាល័យ ក៏ត្រៀមទទួលពាក្យសិក្សាឆ្នាំថ្មី ក្នុងពេលឆាប់ៗដែរ ។ លោកថា «ដោយមើលឃើញភាគជោគជ័យរបស់សិស្សច្បង បច្ចុប្បន្នមាននិស្សិត ពិសេសអ្នកទើបបញ្ចប់ប្រឡងបាក់ឌុបច្រើន បានសួរព័ត៌មានពីជំនាញនេះ តែយ៉ាងណាសាកលវិទ្យាល័យ អាចទទួលពាក្យបានត្រឹមជាង ១០០នាក់ប៉ុណ្ណោះ ហើយនៅថ្ងៃអនាគត សាកលវិទ្យាល័យ នឹងសិក្សាគម្រោងបង្កើនចំនួននិស្សិតរៀនជំនាញនេះ ដើម្បីរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សកាន់តែច្រើន និងរីកចម្រើនបន្ថែមទៀត»៕