(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញ ពីកម្មវិធី «ផ្លូវទៅស្រុកវគ្គ២» លើប្រធានបទ «របរគេ របរយើង» ទីបំផុតបានរកឃើញ សហគ្រិនឆ្នើមចំនួន៧នាក់ ត្រូវទទួលបានពានរង្វាន់ពីកម្មវិធីនេះ និងមុខរបរលេធ្លោជាងគេចំនួន៧ ក្នុងចំណោម៥០នៅជុំវិញពិភពលោក។
ការប្រកាសប្រគល់ពានរង្វាន់ផ្លូវការ ធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកម្មវិធី «ពិព័រណ៍អាជីវកម្មខ្នាតតូច និងមធ្យម»។ ក្រោមការអញ្ជើញចូលរួម ពីលោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងតំណាងម្ចាស់ឧបត្ថម្ភធំ មកពីក្រុមហ៊ុនប្រេងឥន្ធនៈ Total តំណាងអ្នកសហការឧបត្ថម្ភ ពីក្រុមហ៊ុន ស្រាបៀរអង្គរ ក្រុមហ៊ុនរថយន្ត Toyota ក្រុមហ៊ុនលក់កាមេរ៉ា Canon និងធនាគារឯកទេស Wing។
សូមបញ្ជាក់ថា ក្រោយដំណើរការអស់រយៈពេលជាង៥ខែ គម្រោង «ផ្លូវទៅស្រុកវគ្គ២» បានរកឃើញសហគ្រិនកម្ពុជា ដែលពុះពារបង្កើត និងពង្រឹងមុខរបរ ក្នុងស្រុកដោយខ្លួនឯង និងសក្ដិសមក្នុងការទទួល ពានរង្វាន់ចំនួន៧រូប ដោយក្នុងនោះរួមមាន៖
១៖ អ្នកស្រី សូ សម្បត្តិ ម្ចាស់សិប្បកម្មកំប្លោកភ្នំក្រោម ខេត្តសៀមរាប។
២៖ លោក ឈឹម ប៊ុនហេន ម្ចាស់មុខរបរអ្នកបើកទូកដឹកភ្ញៀវទេសចរ ខេត្តស្ទឹងត្រែង។
៣៖ លោក គឹម ចាន់ សិប្បកម្មឆ្នាំងចាក់ ខេត្តកំពង់ចាម។
៤៖ លោក ថៃ វ៉ាន់ថា អាជីវកម្មហាងថតរូប @homePhotography ភ្នំពេញ។
៥៖ លោកស្រី លឹម លីម៉ា ម្ចាស់ក្រុមហ៊ុន LM Lima Angkor Food ខេត្តសៀមរាប។
៦៖ លោក ចាន់ សេងគង់ សិប្បកម្មផលិតឥដ្ឋការ៉ូខ្មែរ ខេត្តសៀមរាប។
៧៖ អ្នកស្រី ដាំ មុំ ម្ចាស់សិប្បកម្មតម្បាញសូត្រ ខេត្តបន្ទាយមានជ័យ។
លោក វ៉េង រចនា អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ ប្រចាំក្រុមហ៊ុន Sabay Digital Plus បានលើកឡើងថា «ពាក្យសហគ្រិន មិនមែនជាពាក្យថ្មីឡើយ សម្រាប់ប្រទេសកម្ពុជា។
យើងមានសហគ្រិនជាច្រើន ហើយពួកគាត់ទាំងអស់បានរួមចំណែក លើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ»។
ក្នុងនោះដែរ លោកបានបង្ហាញនូវ របាយការណ៍ របស់អង្គការសហគ្រិនភាព ពិភពលោក
ឬ Global Enterprises ថា តំបន់អាស៊ីជាកន្លែង ដែលមានសហគ្រិន កើនឡើងគួរឲ្យកត់សម្គាល់។ ដោយមានការប៉ានស្មានថា កម្ពុជាមានសហគ្រិនប្រហែល៥០ម៉ឺននាក់ជាង ខណៈរបាយការណ៍ World Bank បាននិយាយដែរថា កម្ពុជាជាប្រទេសមួយដែលមានអត្រា អ្នកអត់ការងារធ្វើតិចបំផុត នៅលើពិភពលោក ពោលគឺមានត្រឹមតែ០.២% ប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០១៧។
លោកបញ្ជាក់ថា អត្រាដ៏ទាបនេះបានមកពីការចូលរួម របស់សហគ្រិនខ្មែរសព្វថ្ងៃ ដូច្នេះហើយទើប Sabay បានជ្រើសយកប្រធានបទពីសហគ្រិនភាព សម្រាប់បន្តដំណើរគម្រោង «ផ្លូវទៅស្រុកវគ្គ២»។
លោកថា គម្រោង «ផ្លូវទៅស្រុកវគ្គ២» បានផ្សព្វផ្សាយពី អាជីវកម្មរបស់សហគ្រិនខ្មែរចំនួន៥០រូបតាមរយៈ
ការចេញផ្សាយជាអត្ថបទ លើគេហទំព័រឈានមុនគេនៅកម្ពុជា បូករួមជាមួយវីដេអូ ដែលទទួលបានការគាំទ្រ។
វីដេអូខ្លះ មានអ្នកចូលទស្សនាជាង៦០ម៉ឺនដង ឯអត្ថបទវិញមិនតិចជាង១២ម៉ឺនដងឡើយ ហើយចំនួននេះគឺកើនឡើងជារៀងរាល់ថ្ងៃបន្ថែមទៀត។
សូមបញ្ជាក់ថា គម្រោង «ផ្លូវទៅស្រុកវគ្គ២» បានចាប់ផ្ដើមពីខែតុលា ឆ្នាំ២០១៧ ដល់ខែមីនា ឆ្នាំ ២០១៨។ ក្នុងខេត្តនីមួយៗ ក្រុមការងារបានចម្រាញ់ យកមុខរបរចំនួន០២ ជារបរមានលក្ខណៈពិសេស និងច្នៃប្រឌិតជាងគេ៕