(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទោង បានចាត់ទុកលទ្ធផល នៃការបោះឆ្នោតឆ្នាំ២០១៨នេះ ជាជ័យជន្នះរួមរបស់ប្រជាជនកម្ពុជា មិនមែនជារបស់អ្នកណាម្នាក់ឡើយ។
ការលើកឡើងបែបនេះ របស់លោក ជា ចាន់តូ ធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលរៀបចំឡើងក្នុងស្រុកស្ទោងខេត្តកំពង់ធំនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ។
លោក ជា ចាន់តូ បានបន្តទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ឆ្នាំ២០១៨នេះ ខុសពីការបោះឆ្នោត ឆ្នាំ២០១៣ឆ្ងាយណាស់ ព្រោះលទ្ធផលទទួលបានលើសពីការរំពឹងទុក។ ចំណែកឯបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមវិញ ក៏មានភាពល្អប្រសើរ ក្នុងនោះស្ថានភាពសេដ្ឋកិច្ចក៏មានស្ថេរភាពរឹងមាំផងដែរ។
លោកបានបន្ថែមទៀតថា លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៨នេះ ក៏បានបង្ហាញឲ្យឃើញ ពីការខិតខំប្រឹងប្រែង ជឿជាក់ និងការស្រុះស្រួលគ្នា ពិសេសការសាមគ្គីភាពគ្នា ជាធ្លុះមួយដោយឈរលើផលប្រយោជន៍រួម ដើម្បីការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន និងដើម្បីថែរក្សាសុខសន្តិភាព ដែលខិតខំកសាង យ៉ាងលំបាកលំបិននេះឲ្យបានគង់វង្ស សម្រាប់ឲ្យកូនចៅជំនាន់ក្រោយៗ រស់នៅមានសេចក្ដីសុខ
និងសម្បូររុងរឿងជារៀងរហូត។
ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដឆ្នាំ២០១៨នេះ ទទួលបានជោគជ័យភ្លុកទឹកភ្លុកដី ទោះបីជាយ៉ាងណាក៏ដោយក៏លោក ជា ចាន់តូ អំពាវនាវដល់មន្ត្រីពិសេស សមាជិកបក្សទាំងអស់មិនត្រូវបន្ធូរដៃ ក្នុងការឆ្លើយតប និងជួយដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានទេ ត្រូវប្រឹងប្រែងទ្វេឡើងថែមទៀត ដើម្បីឲ្យសក្តិសមទៅនឹង ការជឿទុកចិត្តមកលើ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោកបានបន្ថែមទៀតថា មន្រ្ដីទាំងអស់ត្រូវធ្វើយ៉ាងណា ដើម្បីឲ្យជីវភាពរស់នៅរបស់ពលរដ្ឋ ប្រកបដោយវិបុលសុខ និងភាពសុខដុមរម្យនា ព្រមទាំងមានជីវភាពកាន់តែសម្បូរធូរធា។
សូមបញ្ជាក់ថា យោងតាមរាបាយការណ៍ របស់គណកម្មាធិការបក្ស ស្រុកស្ទោងឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨កន្លងទៅនេះ ក្នុងស្រុកស្ទោងគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋចំនួន២៨,២៩២ សម្លេងស្មើនឹង៦២,៦៣%ដែលជាលទ្ធ១លើសពីការរំពឹទុក៕