(តាកែវ)៖ លោក សុខ សូកាន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ បានសម្តែងនូវការកោតសរសើរ និងថ្លែងនូវការអបអរសាទរដោយមោទនភាពជូនដល់ក្រុមការងារ និងគណបក្សស្រុក-ឃុំ នៃស្រុកគិរីវង់គ្រប់លំដាប់ថ្នាក់ ដែលបានសម្រេចជោគជ័យជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមក្រុង-ស្រុកទាំង១០ នៃខេត្តតាកែវ ដោយទទួលបានសំឡេងគាំទ្រគណបក្សខ្ពស់ជាងគេបំផុត៤៣,៣៥៤ ស្មើនឹង ៨៥.៧៨% ធៀបនឹងសំឡេងបានសរុប។
ជោគជ័យជាប្រវត្តិសាស្ត្រនេះបានបន្តរក្សាកេរ្តិ៍ឈ្មោះស្រុកគិរីវង់ ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរកតស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន។ លោកថ្លែងឡើងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅការិល័យគណបក្សស្រុកគិរីវង់ ដែលមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ដឹកនាំគណបក្សស្រុក និងឃុំទាំង១២ នៃស្រុកគិរីវង់ សរុបអ្នកចូលរួមប្រមាណ ៥០០នាក់។
លោកបានរំលឹកថា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កន្លងមក ប្រទេសកម្ពុជា គឺជាប្រទេសដែលមានភាគរយអ្នកចូលរួមបោះឆ្នោត (៨៣.០២%) ខ្ពស់ជាងគេលំដាប់ទី២ នៅទូទាំងពិភពលោក បន្ទាប់ពីប្រទេសប៊ែលហ្សិក ដែលនេះបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង និងភាពជោគជ័យនៃដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ហើយផ្អែកតាមលទ្ធផលបោះឆ្នោតផ្លូវការរបស់ គ.ជ.ប គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីប្រមាណ ៧៦.៨៥% ធៀបនឹងសន្លឹកឆ្នោតបានការសរុប ដែលនេះបង្ហាញពីការគាំទ្រ និងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ថ្លែងក្នុងឱកាសនោះ លោកបានបង្ហាញពីការគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញទំហឹង ចំពោះកំណែទម្រង់ស៊ីជម្រៅ ក៏ដូចជាការលើកទឹកចិត្ត និងការផ្តល់ឱកាសដល់យុវជនកម្ពុជាកាន់តែច្រើនឡើង ក្នុងការចូលរួមសកម្មភាពអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះលោកក៏សង្ឃឹមថា ថ្នាក់ដឹកនាំមូលដ្ឋានភូមិ ឃុំ នៅស្រុកគិរីវង់ នឹងអនុវត្តតាមលំនាំរាជរដ្ឋាភិបាល ដោយផ្តល់ឱកាសក៏ដូចជាបណ្តុះបណ្តាលយុវជនមូលដ្ឋាន ដែលមានសមត្ថភាព និងអត្តចរិកល្អឱ្យបានច្រើនអំពីកិច្ចការដឹកនាំនៅមូលដ្ឋាន ដើម្បីក្លាយជាអ្នកបន្តវេន និងជាកម្លាំងស្នូលដ៏សំខាន់នាពេលខាងមុខ។
លោកក៏បានថ្លែងជំរុញឱ្យមន្ត្រីបក្សស្រុក-ឃុំ គ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងទ្វេដង រួមសហការគ្នាជាមួយក្រុមការងារស្រុក-ឃុំ ក្នុងការពង្រឹងរចនាសម្ព័ន្ធបក្ស ពង្រឹងសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបន្តអនុវត្តកម្មវិធីសំខាន់ៗមួយចំនួន ដូចជា សហគមកសិកម្ម និងមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ស្រុកគិរីវង់ជាដើម និងត្រូវសកម្មជាងមុនក្នុងការចូលរួមដោះស្រាយនូវរាល់បញ្ហា សំណូមពរផ្សេងៗដែលពួកគាត់មានតម្រូវការ ដើម្បីតបស្នងចំពោះពលរដ្ឋម្ចាស់ឆ្នោតដែលបានផ្តល់ការជឿជាក់និងទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោកបានរៀបចំឱ្យមានការជួបជុំពិសារបាយសាមគ្គី និងបានផ្តល់នូវវត្ថុអនុស្សាវរីយ៍របស់ សម្តេចវិបុលបញ្ញា សុខ អាន រួមទាំងលិខិតថ្លែងអំណរគុណ ជូនដល់ក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ គ្រប់លំដាប់ថ្នាក់ផងដែររាប់ចាប់ពីប្រធានក្រុមបក្សសរុបចំនួន ៥,២៩២នាក់ ដើម្បីជាការថ្លែងអំណរគុណ និងអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់៕