(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាអគ្គនាយកនៃស្ថាប័នអបរំ AG ដែលមានសាលា អន្តរជាតិញ៉ូវយ៉ក សាលារៀនអារីហ្សូន នឹងសាលាអន្តជាតិ ហ្គ្រេនម៉ោនបានថ្លែងថា ដើម្បីលើកកម្ពស់ភាសាខ្មែរជាតិយើង សាលាបានប្រារព្ធពិធីប្រកួតប្រជែង ជើងឯកនិយាយភាសាខ្មែរ ជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ ដើម្បីជ្រើសរើសជើងឯកចំនួន៣នាក់ ក្នុងចំណោមសិស្ស៩រូប គឺបឋមសិក្សាចំនួន៣រូប និងមធ្យមសិក្សាបឋមភូមិ៣រូប និងមធ្យមសិក្សាទុតិយភូមិចំនួន៣រូប ។
ក្នុងឱកាសនោះ ក៏មានការចែកវិញ្ញាបនបត្រ បញ្ចប់ការសិក្សាបណ្ណសរសើរ ចែករង្វាន់ ដល់សិស្សពូកែនឹង គ្រូបង្រៀន ភាសាអង់គ្លេសសរុបចំនួន ១៩២នាក់ ក្នុងនោះមានសិស្សបឋមសិក្សាចំនួន១២៩នាក់ មធ្យមសិក្សា បឋមភូមិ ចំនួន២៩នាក់ មធ្យមសិក្សាទុតិយភូមិ ចំនួន១៧នាក់ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៧នាក់ ដែលធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ អ្នកចូលរួមសរុប ជិត៧០០នាក់ នៅ CKCC ។
លោកបន្ដថា «នេះមិនមែនជាលើកទីមួយទេ ដែលសាលាបានប្រារព្ធកម្មវិធីបែបនេះឡើង ហើយការប្រារព្ធធ្វើឡើងនេះ ក្នុងគោលបំណងដើម្បីលើកស្ទួយភាសាខ្មែរ ដែលជាភាសាជាតិ និងដើម្បីឲ្យសិស្សានុសិស្ស ខំសិក្សាស្រាវជ្រាវ បន្ថែមដើម្បីបង្កើនចំណេះដឹង កាន់តែទូលំទូលាយបន្ថែមទៀត ។លោកប្ដេជ្ញាថា នឹងខិតខំស្រាវជ្រាវ រកនូវកម្មវិធីសិក្សាល្អៗស្របតាមកម្មវិធីសិក្សាទំនើប របស់ក្រសួង អប់រំ យុវជន និងកីឡា និងគ្រូបង្រៀនដែលពោរពេញដោយគរុកោសល្យ» ។
ស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន អារីហ្សូនគ្រុប បានថ្លែងបន្ដថា «សាលារៀន អារីហ្សូន គឺបណ្ដុះបណ្ដាលចំណេះទូទៅខ្មែរ ភាសាអង់គ្លេស និងភាសាចិន ក្រៅពីបណ្ដុះបណ្ដាលចំណេះទូទៅពេញម៉ោង ពីថ្នាក់មត្ដេយ្យ ដល់ថ្នាក់ទី១២ សាលាក៏បានបណ្ដុះបណ្ដាលភាសាអង់គ្លេស ពេញម៉ោង និងក្រៅម៉ោងផងដែរ ។យើងតែងតែយកចិត្ដទុកដាក់ខ្ពស់ លើគុណភាពជាចម្បង ហើយបច្ចុប្បន្ននេះ សាលារៀន អារីហ្សូន មាន៧សាខា ដែល៦ទីតាំងនៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្ដសៀមរាប» ។
លោកបញ្ជាក់ថា សាលារបស់លោក បានដាក់ចេញនូវសាស្ដ្រ និងកែលម្អ ទៅលើចំនុចធំៗពីរ គឺពង្រឹង និងពង្រីក នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈផ្សេងឲ្យកាន់តែទំនើបទាន់សម័យ ជូនដល់សិក្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងកែលម្អពង្រឹង និងពង្រីក នូវរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង នៃស្ថាប័នទាំងមូល ។
លោកក៏បានអំពាវនាវដល់មាតាបិតាសិស្សទាំងអស់ បន្ដជួយជំរុញលើកទឹកចិត្ដដល់កូនៗរបស់ខ្លួន ឲ្យចេះស្រលាញ់ការរៀនសូត្រ ព្រោះការសិក្សារៀនសូត្រ បង្កើតចំណេះដឹង បំនិន និងឥរិយាបថល្អ ក្នុងការរស់នៅ ក្នុងសង្គមប្រកបដោយអនាគតភ្លឺស្វាង ៕