(ប៉ៃលិន)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Fresh News បានឱ្យដឹងថា អនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនលោក សៀក រតនៈ អាយុ៥០ឆ្នាំ បានរងរបួសធ្ងន់ ខណៈប្រពន្ធគាត់បានស្លាប់តាមផ្លូវពេលកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តចាន់បូរី ប្រទេសថៃ ដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តនៅលើទឹកដីប្រទេសថៃ។
ហេតុការណ៍រថយន្តថៃបុករថយន្តខ្មែរ ដ៏គួរឱ្យរន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង៨៖២០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើបណ្តោយផ្លូវជាតិ ក្នុងស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ប្រទេសថៃ។
ស្ត្រីរងគ្រោះជាប្រពន្ធដែលបានស្លាប់មានឈ្មោះ ឃាង ធារ៉ាផន អាយុ៤១ឆ្នាំ ជានាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្តប៉ៃលិន និងប្តីឈ្មោះ សៀក រតនៈ អាយុ៥០ឆ្នាំ រងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តចាន់បូរី។ រថយន្តម៉ាក CRV ពណ៌ប្រាក់ មិនស្គាល់ផ្លាកលេខទទួលរងការខូចខាតទាំងស្រុងផងដែរ។ ចំណែកអ្នកបើកបររថយន្តបង្ក ដែលជាភាគីថៃមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បានបើកបររថយន្តរបស់ខ្លួនម៉ាក CRV ពណ៌ប្រាក់ ក្នុងទិសដៅពីកើតទៅលិច ដោយឆ្លងព្រំដែនខេត្តប៉ៃលិន ឆ្ពោះទៅខេត្តចាន់បូរី ប្រទេសថៃ។ លុះកំពុងតែធ្វើដំណើរសុខៗតាមដងផ្លូវ ស្រាប់តែមានរថយន្តថៃ១គ្រឿងម៉ាក មីសុយប៊ីស៊ី ពណ៌ស បើកបរវ៉ាជែងគ្នាក៏ជ្រុលទៅបុករថយន្តជនរងគ្រោះ យ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់តែម្តង។
រថយន្តទាំងពីរគ្រឿង ទទួលរងការខូចខាតយ៉ាងដំណំ ហើយក៏ត្រូវបានសមត្ថកិច្ចថៃ ស្ទូចយកចេញពីផ្លូវទៅរក្សាទុករង់ចាំធ្វើការដោះស្រាយ។
បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិទាក់ទងទៅខាងភាគីថៃ ដើម្បីដឹកត្រឡប់យកមកខេត្តប៉ៃលិន រួចរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯលោក សៀក រតនៈ កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ប្រទេសថៃនៅឡើយ៕