(រតនគិរី)៖ លោក ថន សាវុន អភិបាលខេត្តរតនគិរី អំពាវនាវដល់វិស័យឯកជន និងសប្បុរសជននានាចូលរួមវិភាគទានជាមួយអាជ្ញាធរ ខេត្តរតនគិរី តាមលទ្ធភាពដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិទឹកជំនន់នៅតាមបណ្តាស្រុក មួយចំនួនក្នុងខេត្ត ហើយរាល់អំណោយរបស់សប្បុរសជន អាជ្ញាធរខេត្តនឹងនាំយកទៅចែកជូន ដល់ដៃប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ។
លោក ថន សាវុន បានថ្លែងបែបនេះ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលមជ្ឈមណ្ឌលគ្រូយើង នាំយកនូវអង្ករចំនួន១តោន និងថវិកា២លានរៀល ប្រគល់ជូនសាលាខេត្ត ដើម្បីជួយដល់ជនរងគ្រោះដោយសារគ្រោះធម្មជាតិ នៅទូទាំងខេត្តផងដែរ។ លោកបានចាត់ទុកការ ចូលរួមវិភាគទានរបស់វិស័យឯកជន ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗ គឺជាសិល្បះនៃការចែករំលែកដ៏ប្រសើរបំផុត។
លោកអភិបាលខេត្ត បានបន្តថា ការចូលរួមវិភាគទានជាអង្ករ និងថវិការបស់មជ្ឈមណ្ឌលគ្រូយើងនាពេលនេះ ថ្វីត្បិតតែមិនអាចឆ្លើយតបទៅ និងសេចក្តីត្រូវការរបស់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្តាស្រុកមួយចំនួនក៏ពិតមែន ក៏ប៉ុន្តែបានបង្ហាញឱ្យឃើញពីការចូលរួមចំណែក ជាមួយអាជ្ញាធរខេត្តក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងត្រូវការជាចាំបាច់នូវស្បៀងអាហារ។ ជាពិសេសនេះ គឺជាសិល្បៈ នៃការចែករំលែកដ៏ប្រសើរបំផុតរបស់របស់ពលរដ្ឋកម្ពុជា ដែលតែងតែជួយគ្នាក្នុងគ្រាក្រគ្រាលំបាក៕