(ភ្នំពេញ)៖ យុទ្ធសាស្ត្រមូលធនសម័យទំនើប ដែលអាជីវករ នៅក្នុងប្រទេសជឿនលឿនតែងតែគិតដល់នោះ គឺការប្រើប្រាស់លុយអ្នកដទៃផ្សេងទៀត យកមកពង្រីកអាជីវកម្មរបស់ខ្លួន។
យុទ្ធសាស្ត្រនេះ មានខ្លឹមសារជាភាសាអង់គ្លេសថា Other People's Money ឬ OPM ។ ការប្រើប្រាស់លុយអ្នកដទៃ គឺជាចំណុចយុទ្ធសាស្ត្រមូលធនដ៏សំខាន់ ដែលអ្នកអាជីវកម្មមិនថា នៅប្រទេសទំនើបត្រូវគិតទេ តែម្ចាស់អាជីវកម្មវ័យក្មេង នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍ ក៏ត្រូវតែគិតផងដែរ។
បើតាមអ្នកជំនាញខាងអាជីវកម្ម លោក ស៉ីម តារា បានឲ្យដឹងថា ផ្សារមូលបត្រកម្ពុជា ជាច្រកមួយសម្រាប់ម្ចាស់អាជីវកម្មវ័យក្មេង ក្នុងយុទ្ធសាស្ត្រមូលធនសម័យទំនើប។
លោកបន្តថា នៅប្រទេសជឿនលឿន ម្ចាស់អាជីវកម្មដែលចង់ចាប់ផ្តើមអាជីវកម្មរបស់ខ្លួន គឺគេតែងតែគិតទៅលើ ផ្សារមូលបត្រនៅក្នុងប្រទេសគេជាមុនសិន ព្រោះទីនោះជាកន្លែងដែលអាចឲ្យអាជីវករ ប្រើប្រាស់លុយអ្នកដទៃ មកពង្រីកអាជីវកម្មរបស់ខ្លួន បានយ៉ាងងាយស្រួល។
លោកបានថ្លែងបែបនេះ នៅព្រលប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសដែលក្រុមហ៊ុន SUCCESSCO បានរៀបចំកម្មវិធីជួបជុំអ្នកដឹកនាំ និងម្ចាស់អាជីវកម្ម CEO MEETUP ក្រោមប្រធានបទ «តើយើងអាចវិនិយោគជាមួយ ក្រុមហ៊ុនអ្នកបានទេ?» នៅក្នុងសណ្ឋាគារ តារាអ៊ែរផត ផ្សាររតនាផ្លាស្សា រាជធានីភ្នំពេញ ដែលមានវាគ្មិនចូលរួមគឺលោក ពេជ្រ បូឡែន CEO នៃក្រុមហ៊ុន The Westline Development Group ។
អគ្គនាយកក្រុមហ៊ុន SUCCESSCO រូបនេះ ក៏បានឲ្យដឹងដែរថា លោកតែងតែបង្វឹក Young CEO និងបានសុំការសហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅក្នុងការផ្តល់ចំណេះដឹងទៅដល់សហគ្រិន ដើម្បីឲ្យគាត់មើលឃើញថា ប្រភពដើមទុន ប្រភពធនធានដ៏ធំ គឺលុយរបស់អ្នកវិនិយោគនេះតែម្តង។
លោក ស៉ីម តារា បានបញ្ជាក់យ៉ាងដូច្នេះថា «តើហេតុអ្វីបានជាក្រុមហ៊ុនទីផ្សាមូលបត្រកម្ពុជារបស់យើងមានតែ ៦ក្រុមហ៊ុន ទៅ៧ក្រុមហ៊ុនចុះបញ្ជី ដែលគាត់បានបើកមកជាង១០ឆ្នាំមកហើយ។ សួរថា គាត់បើកដើម្បីនរណា? ដើម្បីជាច្រកចេញមួយរបស់សហគ្រិនយើង ច្រកចេញមួយរបស់អ្នកវិនិយោគ ដើម្បីផ្តល់ឱកាសដល់សហគ្រិនទាំងអស់ ម្ចាស់អាជីវកម្មទាំងឡាយ ដែលបង្កើតក្រុមហ៊ុនឡើងមកហើយ យកដាក់ចូលក្នុងផ្សារដើម្បីកៀរគរដើមទុនមក ពង្រីកអាជីវកម្មរបស់យើងតទៅ។ ហេតុអ្វីបានជាយើងមិនសម្លឹង មើលទៅដល់កន្លែងហ្នឹង»?
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុន SUCCESSCO បានចុះហត្ថលេខារួមគ្នា លើអនុស្សារណៈនៃការយោគយល់គ្នាមួយ (MOU) ដើម្បីចូលរួមជ្រោមជ្រែង ការរីកចំរើននៃការជួញដូរមូលបត្រកម្ពុជា ឬហៅដោយសាមញ្ញថា ទីផ្សារភាគហ៊ុននៅកម្ពុជា។
បើតាមលោក ស៉ីម តារា គោលបំណងនៃ MOU ដែលត្រូវបានបង្កើតឡើងរវាងក្រុមហ៊ុនទាំងពីរ មានគោលបំណង បញ្ជ្រាបការយល់ដឹងពីសារសំខាន់ នៃការចុះបញ្ជីនៅទីផ្សារភាគហ៊ុន ដើម្បីផ្តល់ក្របខណ្ឌសម្រាប់ការបណ្តុះបណ្តាល ដល់សហគ្រិននានា ឲ្យយល់កាន់តែច្បាស់ អំពីសារប្រយោជន៍នៃការចុះបញ្ជី នៅទីផ្សារភាគហ៊ុន និងរបៀបនៃការរៀបចំខ្លួន ឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចូលទីផ្សារមួយនេះ។
សូមជម្រាបថា កម្មវិធីជួបជុំអ្នកដឹកនាំ និងម្ចាស់អាជីវកម្មនារាត្រីដ៏ពិសេសនេះ មានគោលបំណងដូចខាងក្រោម៖
១៖ បង្កើនទំនាក់ទំនងជាមួយអ្នកដឹកនាំ និងម្ចាស់អាជីវកម្មដទៃទៀតជាច្រើននាក់
២៖ ទទួលយកបទពិសោធន៍ល្អៗពីអ្នកដែលកំពុងដឹកនាំអាជីវ កម្មដែលមានទស្សនវិស័យច្បាស់លាស់ និង ផ្នត់គំនិតវិជ្ជមាន។
៣៖ រៀនសូត្រពីចំណេះដឹង និង គន្លឹះសំខាន់ៗពីវាគ្មិនដែលមាន បទពិសោធន៍ជោគជ័យក្នុងអាជីវកម្ម និងជីវិតជាក់ស្ដែង។
៤៖ ស្វែងយល់អំពីគម្រោង ឬ គំនិតអាជីវកម្មថ្មីៗ ដែលមាន លក្ខណៈខុសប្លែក និងសក្ដានុពលលើទីផ្សារ។
៥៖ យល់ដឹងពីកត្តាចំបងៗនៃក្រុមហ៊ុនសាជីវកម្មមួយ ដែលអាចទទួលការវិនិយោគ ឬអាចចុះបញ្ជីនៅទីផ្សារមូលបត្របានទៅថ្ងៃមុខ។
៦៖ ផ្សព្វផ្សាយអាជីវកម្ម ឬស្ថាប័នរបស់អ្នកទៅកាន់ម្ចាស់អាជីវកម្មជាច្រើននាក់ទៀត និងទទួលបានការផ្ដល់ជូនផ្សេងៗទៀត ពីកម្មវិធី៕