(ភ្នំពេញ)៖ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ជាគ្រឹះស្ថានធនាគារ ដែលមានភាគទុនិកដ៏រឹងមាំ មកពីប្រទេសកូរ៉ខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ផ្ដល់សេវាកម្ម «ធានារ៉ាប់រងរថយន្ត ចំពោះអតិថិជន របស់ធនាគារខេប៊ី» ។
ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ក្រោមការចូលរួមពីលោក គង់ សាងយ៉ុន នាយកប្រតិបត្តិធនាគារឯកទេសខេប៊ី និងលោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ព្រមទាំងបុគ្គលិកជាច្រើនរូបទៀតផង។
លោក គង់ សាងយ៉ុន ឲ្យដឹងថា ពាក្យស្លោករបស់ធនាគារខេប៊ី គឺមាគ៌ាថ្មីរបស់លោកអ្នក នៅក្នុងវិស័យហិរញ្ញវត្ថុជាភាសាអង់គ្លេស «Your New Highway in Finance» ពាក្យស្លោកនេះមានន័យថា អតិថិជនរបស់ធនាគារឯកទេស ខេប៊ី នឹងមានអារម្មណ៍ថា ពួកគេកំពុងស្ថិតនៅក្នុងរថយន្តដ៏ទំនើបនៅលើដងវិថីជាមួយនឹង ដំណើការផ្តល់សេវាកម្ម យ៉ាងឆាប់រហ័ស និងអត្រាការប្រាក់សមរម្យ។
លោកនាយកប្រតិបត្តិបន្តថា «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ជាក្រុមហ៊ុនឈានមុខគេ និងអាចជឿទុកចិត្តបំផុត ក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងដល់អតិថិជន ជាមួយនឹងតម្លៃសមរម្យ។ មួយវិញទៀត អតិថិជនរបស់ធនាគារឯកទេស ខេប៊ីទាំងអស់អាចបង់សេវាធានារ៉ាប់រងប្រចាំខែ ជំនួសឲ្យការទូទាត់សេវាធានារ៉ាប់រងសរុប»។
ក្នុងនោះលោកនាយក ប្រតិបត្តិសង្ឃឹមថា តាមរយៈការចុះហត្ថលេខានេះ នឹងអាចជាចលករមួយជំរុញឱ្យអតិថិជន និងសាធារណជន កាន់តែមានទំនុកចិត្តខ្ពស់បន្ថែមទៀត មកលើធនាគារខេប៊ី ព្រោះថាការធានារ៉ាប់រង ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អតិថិជន នៅពេលដែលអតិថិជនជួបបញ្ហាប្រឈមដូចជា ការបាត់បង់រថយន្ត ការប៉ះពារ ឬហេតុការណ៍ផ្សេងៗទៀត ដែលកើតឡើងដោយចៃដន្យ ហើយក្រុមហ៊ុន ហ្វតេ ហ្វតតេ នឹងផ្តល់សំណងទៅអតិថិជនវិញ។
លោក យក់ ចំរើនឫទ្ធិ បានថ្លែងអំណរគុណ យ៉ាងក្រៃលែងចំពោះ ធនាគារឯកទេស ខេប៊ី ដែលបានជ្រើសយកក្រុមហ៊ុនធានារ៉ាបរង ហ្វតតេ ជាដៃគូផ្តល់សេវាកម្មធានារ៉ាប់រងលើរថយន្ត ដែលនេះបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ និងការខ្វល់ខ្វាយចំពោះអតិថិជន។
លោកបានបន្ដទៀតថា «ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត របស់ធនាគារមកលើក្រុមហ៊ុន ខ្ញុំប្តេជ្ញាថានឹងផ្តល់សេវាធានារ៉ាប់រងជូនអតិថិជន របស់ធនាគារឯកទេស ខេប៊ី ឲ្យបានឆាប់រហ័ស និងងាយស្រួលដោយធានា ឲ្យស្ថាប័នទាំង២ទទួលការគាំទ្រ ខ្ពស់ពីសំណាក់អតិថិជន»។
សូមបញ្ជាក់ផងដែរថា ធនាគារឯកទេស ខេប៊ី ជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន KB Kookmin Card Co., Ltd. ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនអាជីវកម្មប័ណ្ណឥណទាន និងឥណទានទិញរថយន្តដ៏ធំបំផុត នៅប្រទេសកូរ៉េខាងត្បូង៕