(ភ្នំពេញ)៖ មុខម្ហូបខ្មែរបួនមុខ រួមមាន ញាំមឹកគមដូង ជាមួយម្រេចកំពត ,សម្លរប្រហើរត្រីជាមួយល្ហុង និងគ្រឿងស្រស់, មាន់ចំហុយក្នុងស្លឹកឈូក និងបង្អែមត្នោត ជាមួយទឹកដូងស្រស់ ដែលមុខម្ហូបទាំងនេះ បានកើតចេញពីស្នាដៃដ៏ឆ្នើម របស់មេចុងល្បីឈ្មោះនៅកម្ពុជា និងជាម្ចាស់ភោជនីយដ្ឋាន អ៊ុយ គុយទាវ លោក លូ ម៉េង ។
ការបង្ហាញមុខម្ហូបប្លែកទាំងបួនមុខនេះ នៅភោជនីយដ្ឋាន អ៊ុយ គុយទាវ លោក លូ ម៉េង បានថ្លែងថា មុខម្ហូបទាំងនេះ គឺកាន់តែឆ្ងាញ់ពិសា ពេលដែលលោកអ្នកពិសាជាមួយនឹងប្រភេទស្រាល្បី Bordeaux គឺជាតំបន់ស្រាដ៏ល្បីល្បាញបំផុតតែមួយគត់របស់ពិភពលោក ដែលសម្បូរទៅដោយរសជាតិឈ្ងុយឆ្ងាញ់បំផុត និងស្រាថ្លៃៗ ។ទាំងនេះហើយដែលធ្វើឱ្យស្រាល្អបំផុត Bordeaux មានការពេញនិយមលើសកលលោក ហើយពេលនេះក៏មានវត្ដមាននៅភោជនីយដ្ឋាន អ៊ុយ គុយទាវផងដែរ ។
លោក បន្ដថា ក្រោយពីលោកបានធ្វើដំណើរឆ្លងកាត់ជាច្រើន តាំងពីលោកនៅក្មេងជាមួយម្តាយមកម្ល៉េះ ហើយលោកក៏បានបន្ដមុខងាយជាចុងភៅដ៏ឆ្នើមនេះ រហូតក្លាយជាអ្នកដឹកនាំដំបូងគេ នៅសណ្ឋាគារផ្កាយប្រាំ នៅកម្ពុជា។ ជាបន្ដបន្ទាប់លោកក៏បានធ្វើដំណើរ ទៅកាន់តំបន់ជាច្រើននៃបណ្ដាប្រទេសផ្សេងៗ ដើម្បីទទួលយកពិសោធន៍កាន់ថ្មីៗបន្ថែមទៀត ដើម្បីបង្កើននូវស្នាដៃ និងលើកកម្ពស់ផលិតផលម្ហូបអាហារនៅកម្ពុជា ។
ដើម្បីលើកកម្ពស់ និងចែកចាយផលិតផលកម្ពុជា ដូចជាស្រូវទទួលបានពានរង្វាន់ និងម្រេចកំពតជាដើម ដែលល្បីល្បាញនៅទូទាំងពិភពលោក, លោក លូ ម៉េង ក៏បានច្នៃម្ហូបទាំងបួនមុខនេះ ដោយមានគ្រឿងផ្សំទាំងអស់នេះឡើង ដែលជួយបង្កើតទាំងរសជាតិឈ្ងុយឆ្ងាញ់ និងល្អបំផុតសម្រាប់សុខភាព ៕