(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាប និងបានរកឃើញគ្រឿងសម្អាងក្លែងក្លាយខុសច្បាប់ទម្ងន់៤,៥តោន ដែលស្តុកទុកឃ្លាំងមួយ នៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលគេស្គាល់ថា ជាគ្រឿងសម្អាងជ្រកក្រោម ក្រុមហ៊ុន «គ្រួសារកក់ក្តៅ» ដែលកំពុងតែល្បីឈ្មោះនៅតាមបណ្តាញសង្គម។
មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានថ្លែងប្រាប់ថា ទីតាំងខុសច្បាប់មួយនេះ មិនត្រឹមតែស្តុកគ្រឿងសម្អាងក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងជាទីតាំងផលិត កែច្នៃ វេចខ្ចប់ និងចែកចាយគ្រឿងសម្អាងក្លែងក្លាយក្នុងកន្លែងតែមួយ។ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រតិបត្តិការមួយនេះ បានធ្វើឡើងនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ឈ្មោះ អ៊ុច សម្បត្តិ អាយុ៣៣ឆ្នាំ។ កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានរកឃើញ និងដកហូតភស្តុតាងមួយចំនួន រួមមាន៖ ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀត សរុបចំនួន១៧មុខ បើគិតជាទម្ងន់ប្រមាណ៤,៥តោន និងម៉ាស៊ីនលាយម៉ាស៊ីនច្រក ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ និងបាញ់ខ្យល់។
ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួន ម្ចាស់ទីតាំងឈ្មោះ អ៊ុច សម្បត្តិ ត្រូវបាននាំទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មុនបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ។ បន្ទប់មកមិនបានប៉ុន្មានផង ស្រាប់តែម្ចាស់អាជីវកម្មរូបនេះ ចេញមុខជាសាធារណៈ និងប្រកាសលក់ផលិតផលដូចដើម ទាំងដែលមិនទាន់បានបង្ហាញពីច្បាប់ ពីការបំភ្លឺខាងសមត្ថកិច្ច ច្បាស់លាស់ផង បែរជាឆ្លើយថា មិនមានបញ្ហាអ្វី អាចប្រើចរាចរណ៍ធម្មតា ទាំងមិនមានលិខិតបញ្ជាក់ពីគុណភាពត្រឹមត្រូវទាល់តែសោះ។
តាមរូបភាព នៃការបង្គ្រាប គឺសរបញ្ជាក់ឲ្យឃើញថា អាជីវកម្មមួយនេះធ្វើលក្ខណៈទ្រង់ទ្រាយធំ ដែលមានទម្ងន់ដល់ទៅជាង៤តោន តែបែរជាមិនមានបញ្ហាអ្វីទាល់តែសោះ នៅតែអាចចរាចណ៍ធម្មតា តែបើយើងប្រៀបធៀបកាលពីក្លងទៅ គ្រឿងសំអាង ឈ្មោះ ឆេង ស្រីរត្ន័ ហៅ (Love Riya) ជាករណីអាជីវកម្មខ្នាតតូចទេ តែជាប់យូរ ហើយបិទអាជីវកម្មគាត់ឡើងជិត១ខែ តែខាងនេះវិញ២ថ្ងៃ ទាំងគាត់បានលួចផលិតខុសច្បាប់ និងក្លែងបន្លំថា ផលិតផលក្រៅប្រទេសទាំងក្បាលកូដប្រទេស តែទិញផលិតផលក្នុងផ្សារមកលាយលក់ធម្មតា ដោយគ្មានការពិសោធន៍ គ្មានឆ្លងកាត់ត្រួតពិនិត្យគុណភាព មិនច្បាស់លាស់ ហើយមានចែកចាយទូទាំងប្រទេសដោយមិនមានចំណាត់ការណាមួយត្រឹមត្រូវ។
ប្រជាពលរដ្ឋ និងម្ចាស់គ្រឿងសម្អាង ដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា មានការទទួលស្គាល់តាមច្បាប់ទម្លាប់នោះ បានបញ្ជាក់ថា ការចរាចរណ៍ផលិតផលមិនស្របច្បាប់បែបនេះ ពិតជាមាន ផលប៉ះពាល់យ៉ាងខ្លាំង ទៅដល់សុខភាពរបស់អ្នកប្រើប្រាស់ផលិតផល ហើយក៏ជាគំរូមិនល្អមួយសម្រាប់អាជីវករ និងម្ចាស់ក្រុមហ៊ុនមួយចំនួនទៀត ដែលពួកគាត់បានចរាចរណ៍ដោយស្របច្បាប់។
ដូច្នេះជាការសំណូមពរ ពីប្រជាពលរដ្ឋ និងម្ចាស់គ្រឿងសម្អាង ដែលរកស៊ីស្របច្បាប់ ស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចទាំងអស់ រកយុត្តិធម៌តាមផ្លូវច្បាប់ និងឲ្យម្ចាស់អាជីវកម្ម ខាងលើបង្ហាញឯកសារ ដែលឆ្លងកាត់តាមក្រសួងសុខាភិបាល និងនៅតាមស្ថាប័នត្រឹមត្រូវ ដែលពាក់ព័ន្ធមួយចំនួនទៀត មុនប្រកាសលក់ផលិតផលរបស់ខ្លួន ដើម្បីបង្ហាញឲ្យម្ចាស់គ្រឿងសម្អាង ស្របច្បាប់ផ្សេងៗជឿជាក់ លើចំណាត់ការសមត្ថកិច្ចថា យុត្តិធម៌ ហើយប្រជាពលរដ្ឋក៏ចង់ឃើញចំណាត់ការសមត្ថកិច្ចផងដែរ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨កន្លងទៅ ក្រោយសាកសួរ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងលោកថៅកែ ផលិតគ្រឿងសំអាងក្លែងក្លាយ គ្រួសារកក់ក្តៅ ឈ្មោះ អ៊ុច សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំឲ្យត្រឡប់ទៅផ្ទះវិញហើយ។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច លោកឧតម្តសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ដោយមានការសហការជាមួយមន្រ្តីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលរបស់លោក ស្រី ម៉ាកនី បានចុះប្រតិបត្តិការបង្ក្រាបរោងចក្រផលិត និងស្តុកគ្រឿងសម្អាងក្លែងក្លាយគ្រួសារកក់ក្តៅ ស្ថិតនៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចចម្រុះក៏បានរកឃើញ និងដកហូតភស្តុតាងមួយចំនួន រួមមាន៖ ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀតសរុបចំនួន១៧មុខ មានទម្ងន់ប្រមាណ ៤.៥តោន (៤តោនកន្លះ) និងម៉ាស៊ីនលាយ ម៉ាស៊ីនច្រក ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ និងម៉ាស៊ីនបាញ់ខ្យល់ ជាច្រើនគ្រឿងផងដែរ៕