(ភ្នំពេញ)៖ លោកស្រី ម៉ម សុម៉ាលី ដែលជាគេស្គាត់ថាជា សកម្មជនប្រឆាំងការជួញដូរផ្លូវភេទនៅកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបើកដំណើរការហាងកាហ្វេ ម៉ម កាហ្វេ (Mam Café) នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកស្រី ម៉ម សុម៉ាលី បានបញ្ជាក់ថា ការបើកហាងកាហ្វេនេះ លោស្រីមិនផ្ដោតសំខាន់ទៅការចំណេញទេ គឺលោកស្រីបានបើកហាងកាហ្វេនេះ ផ្តោតលើដើម្បីជួយដល់ការងារមនុស្សធម៌ទៅឲ្យកុមារា កុមារី ស្រ្តី និងបងប្អូនដែលខ្វះខាត ដើម្បីទទួលនូវអាហារហូបចុក បានសមរម្យដូចជាមនុស្សទូទៅផងដែរ។
លោកស្រី ម៉ម សុម៉ាលី បានរៀបរាប់ពីដំណើរនៃជីវិតដ៏កម្សត់របស់លោកស្រី ទើបជំរុញចិត្តអ្នកស្រីឲ្យបង្កើតហាងកាហ្វេនេះឡើង ដែលវាជាក្តីសុបិនមួយ ក្នុងចំណោមសុបិនទាំង៤ របស់លោកស្រី គឺការធ្វើម្ហូបខ្មែរ ដើម្បីឲ្យកុមារា កុមារី ស្រ្តី និងបងប្អូនដែលខ្វះខាត បាទទួលនូវអាហារហូបចុកបានសមរម្យ។
ជាមួយគ្នានេះ ដោយសារតែកូនស្រីតែម្នាក់របស់អ្នកស្រីបានកើតជំងឺមហារីក ដែលបណ្ដាលមកពីការហូបអាហារ ដែលមានសារជាតិគីមី ទើបជាហេតុផលជំរុញដ៏សំខាន់មួយ ឲ្យលោកស្រីសម្រេចចិត្តចំណាយថវិកាផ្ទាល់ខ្លួន បើកហាង ម៉ម កាហ្វេនេះឡើង ក្នុងគោលបំណង៦ចំណុច ដែលក្នុងនោះរួមមាន៖
១៖ ផ្តល់ម្ហូបដែលគ្មានជាតិគីមី និងម្ហូបខ្មែរ ដែលមានលក្ខណៈជាខ្មែរពិតប្រាកដ ដើម្បីថែរក្សាសុខភាពបងប្អូនប្រជាជនយើង។
២៖ ផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដ៏មានគុណភាព ជូនដល់ជនរងគ្រោះ និងជនក្រីក្រដែលគ្មានលទ្ធភាព។
៣៖ ផ្តល់ឱកាសការងារដល់ជនរងគ្រោះ, យុវជន, យុវតី និងជនក្រីក្រដែលខ្វះលទ្ធភាព។
៤៖ ម៉ម កាហ្វេជាកន្លែងជួបជុំសំរាប់ស្ត្រី និងស្ត្រី ដឹកនាំវ័យក្មេង ដើម្បីចែករំលែកបទពិសោធន៍ និងផ្តល់ការលើកទឹកចិត្តគ្នាជាក្រុម។ ពិសេសការផ្តល់ឱកាសឲ្យស្ត្រីបានជួបជុំលើកទឹកចិត្តគ្នា ក្នុងការតស៊ូមតិ។
៥៖ ភាគរយនៃប្រាក់ចំណេញនឹងផ្តល់ជាជំនួយដល់អង្គការអាហ្វេស៊ីប ក្នុងបេសកកម្មជួយទៅដល់ស្រ្តី និងកុមារជនរងគ្រោះ និងស្ត្រី កុមារដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការរងគ្រោះ។
៦៖ លើកទឹកចិត្តបុរស យុវជនខ្មែរ ដើម្បីចូលរួមគ្រប់សកម្មភាពការងារសង្គម ក្នុងការចូលរួមចំណែកលើកស្ទួយ វិស័យវប្បធម៌ជាតិខ្មែរ។
សូមរំលឹកផងដែរថា សម្រាប់ហាងកាហ្វេម៉ម កាហ្វេ (Mam Café) ដែលមានអាស័យដ្ឋាន ផ្ទះលេខ២៩ ផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងភ្នំពេញ៕