(ព្រៃវែង)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ដព្រៃវែង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពទឹកទន្លេខេត្តព្រៃវែង ដែលនៅតែបន្ដកើនឡើងជាលំដាប់ ហើយគិតត្រឹមថ្ងៃនេះ ទឹកទន្លេមេគង្គ-អ្នកលឿង មានកម្ពស់៧.៤៨ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន៧.៥០ម៉ែត្រ។
អភិបាលខេត្តព្រៃវែង និងជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ដព្រៃវែង លោក ជា សុមេធី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់កំពុងកើនឡើង ដល់កម្រិតកម្ពស់ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ ពិសេសប្រជាពលរដ្ឋនៅតាមដងទន្លេ និងមាត់ព្រែក។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន លោក ជា សុមេធី បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តនូវផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ន ដោយចាត់កម្លាំងសរុប និងមធ្យោបាយ អន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕