(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង នៅថ្ងៃទីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទរួមមាន៖ នគរបាល អាវុធហត្ថ និងយោធាស្រុករំដួល ខេត្តស្វាយរៀង ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អ ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក៏ដូចជា ការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។
ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងកម្លាំងទូទាំងស្រុករំដួលផងដែរ។ លោកស្រីបានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទ ដែលបានខិតខំយកអស់ កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងមូលដ្ឋានក៏ដូចជាកិច្ចដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណតិ្តទី៦ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណ្តិទី៦នេះរហូត១២៥អាសនៈ។
លោកស្រីក៏បានលើកឡើងអំពីគំរូវីរៈភាពដ៏អង់អាចក្លាហានរបស់សម្តចតេជោ ហ៊ុន សែន ក្នុងបេសកម្មជូនជាតិមាតុភូមិ ដែលបានប្រែក្លាយប្រទេសពីបាតដៃទទេរឲ្យមានការរីកចម្រើន លើគ្រប់វិស័យជាពិសេសបាននាំមកសុខសន្តិភាព ដ៏ត្រចះត្រចង់ជូនប្រទេសជាតិ បានបង្រួបបង្រួមជាតិតែមួយ ខ្មែរតែមួយ។ លោកស្រី បានបញ្ជាក់ថា នៅអាណត្តិទី៦នេះ រាជរដ្ឋាភិបាល និងបន្តកការងារអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត និងបង្កើតរោងចក្រសហគ្រាសជាច្រើនទៀតនៅខេត្តស្វាយរៀង ដើម្បីឲ្យប្រជាពលរដ្ឋ មានការងារធ្វើកាត់បន្ថយភាពក្រីក្របង្កើនជីវភាពបានមួយកំរិតបន្ថែមទៀត។
ប្រជាពលរដ្ឋនៅតែជឿជាក់នៅការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បាននាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះដ៏ច្រើនលើសលប់ និងសូមសំណូមពរឲ្យកម្លាំងទាំងអស់ ត្រូវយចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ក្នុងការរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋាន ក្នុងនោះ ត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ៕