(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពផ្លូវលេខ១២៣CC ស្ថិតនៅក្នុង ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលផ្លូវមួយខ្សែនេះ បានទទូលរងការខូចខាត ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
កំណត់ផ្លូវដែលត្រូវស្ថាបនាថ្មីឡើងវិញនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ជាផ្លូវបេតុងមានប្រវែង៩៧០ម៉ែត្រ និងទទឹងប្រវែង៦ម៉ែត្រ។ ជាមួយនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើការរៀបចំដាក់បណ្តាញលូផងដែរ។
ពាក់ព័ន្ធនិងការបើកការដ្ឋានធ្វើផ្លូវ និងប្រព័ន្ធលូខាងលើនេះ អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យមន្ទីរសាធារណការ ប្រញាប់ដាក់គ្រឿងចក្រ ឈូសឆាយស្ថាបនាឲ្យបានលឿនបំផុត និងសូមការយោគយល់ពីប្រជាពលរដ្ឋផងដែរ ជុំវិញផលប៉ះពាល់ និងការរំខាននៅពេលការដ្ឋានចាប់ផ្តើមដំណើរការ។
ក្រោយពីបញ្ចប់ការពិនិត្យមើលស្ថានភាពផ្លូវលេខ១២៣CCនេះហើយ លោក ឃួង ស្រេង ក៏បានបន្តដំណើរចុះសួរសុខទុក្ខ និងពិនិត្យមើលការចាត់ចែង ការដឹកទឹកស្អាតចែកចាយ ជូនប្រជាពលរដ្ឋនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យបន្តទៀត។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានបញ្ជាក់ថា ការចុះមកសួរសុខទុក្ខ និងពិនិត្យមើលការចាត់ចែងការដឹកទឹកស្អាតចែកចាយជូនប្រជាពលរដ្ឋនេះ គឺលោកចង់ដឹងនិងមើលឲ្យឃើញពី ស្ថានភាពការរស់នៅ ការខ្វះខាត និងការចង់បានរបស់បងប្អូនប្រជាពលរដ្ឋជាក់ស្តែង។ នៅពេលដឹងពីការចង់បានរបស់ប្រជាណលរដ្ឋហើយ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ដែលជាម៉ែជាឪរបស់ប្រជាពលរដ្ឋ យើងចុះផ្តល់ជូនប្រជាពលរដ្ឋតែម្តង។
ជាក់ស្តែង នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ប្រជាពលរដ្ឋនៅក្នុងភូមិនេះ មិនទាន់មានប្រព័ន្ធទឹកស្អាតទៅដល់ សម្រាប់ប្រើប្រាស់នោះ ទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឲ្យមានរថយន្តដឹកទឹកជូនប្រជាពលរដ្ឋ ដល់តាមខ្នងផ្ទះតែម្តង ជាមួយនឹងតំលៃរដ្ឋ។
ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានជម្រុញឲ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ពិសេសមន្ត្រីដែលអនុវត្តលើការងារនេះបន្ថែមជើងរថយន្ត ក្នុងការដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ។ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា នៅរដូវប្រាំងខាងមុខនេះ អាជ្ញាធរ និងបន្ថែមរថយន្តដឹកទឹកនេះបន្ថែមទៀត ពោលគឺទាំង៨ភូមិ ដែលមិនមានទឹកម៉ាស៊ីនប្រើប្រាស់ អាច១ភូមិមានរថយន្តដឹកទឹក១គ្រឿង ដើម្បីដឹកទឹកចែកចាយឲ្យទាន់ចិត្តប្រជាពលរដ្ឋ៕