
អ្នកម្តាយអាយុ១០៦ឆ្នាំ ជូនដំណើរកូនប្រុសគឺលោក John McCain ជាលើកចុងក្រោយ!
01-09-2018 11:08
(វ៉ាស៊ីនតោន)៖ អ្នកម្ដាយរបស់អតីតបេក្ខជនប្រធានាធិបតីអាមេរិក និងសមាជិកព្រឹទ្ធសភាលោក ចន ម៉ាខេន (John McCain) គឺលោកយាយ រ៉ូប៊ឺតា ម៉ាខេន (Roberta McCain) ដែលមានអាយុ ១០៦ឆ្នាំទៅហើយនោះ បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធកូនប្រុសរបស់លោកយាន ទាំងអារម្មណ៍ក្ដុកក្ដួលជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨។
លោកយាយ Roberta McCain បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោក McCain នៅឯវិមាន កាពីតូល រ៉ូទុនដា (Capitol Rotunda) ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយឥស្សរៈជនជាន់ខ្ពស់អាមេរិកជាច្រើននាក់ផ្សេងទៀត។ មិនតែប៉ុណ្ណោះ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នេះគឺជាលើកទីមួយហើយលោកយាយ Roberta ចូលរួមក្នុងពិធីបុណ្យបែបនេះ។
គួរបញ្ជាក់ថា លោក John McCain បានទទួលមរណភាពកាលពីថ្ងៃសៅរ៍សប្ដាហ៍ ក្នុងវ័យ ៨១ឆ្នាំ ដោយសារជំងឺដុះដុំសាច់ក្នុងខួរក្បាល នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋអារីហ្សូណា។ ដោយឡែក បើតាមការគ្រោងទុកលោកយាយ Roberta McCain ក៏នឹងត្រូវចូលរួម ក្នុងពិធីបញ្ចុះសពកូនប្រុសរបស់ខ្លូន នៅថ្ងៃអាទិត្យស្អែកនេះដែរ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅឯបណ្ឌិតសភាកងទ័ពជើងទឹកអាមេរិក ក្នុងទីក្រុង អាន់ណាផូលីស (Annapolis) រដ្ឋម៉ារីឡេន (Maryland)៕