(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដចុះត្រួតពិនិត្យគោលដៅ អគារស្នាក់នៅរបស់ពលករបរទេសស្ថិតផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីពិនិត្យការស្នាក់នៅរបស់ជនបរទេស។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនៅព្រឹកមិញនេះ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន កម្លាំងជំនាញបានពិនិត្យឃើញជនបរទេសចំនួន១៧នាក់ ស្រី០៦នាក់ ជាជនជាតិវៀតណាម បាននិងកំពុងរកស៊ី និងស្នាក់នៅដោយគ្មានឯកសារ ពោលបានលួចឆ្លងដែនចូលប្រទេសកម្ពុជាខុសច្បាប់តែម្តង។
ក្រោយឃាត់ខ្លួន ក្រុមប្រតិបត្តិការបាននាំខ្លួនជនជាតិវៀតណាមទាំង ចំនួន១៧នាក់ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕