(ភ្នំពេញ)៖ រូបភាពជាច្រើនសន្លឹកដែលបង្ហាញពីការយកចិត្តទុកដាក់របស់ សម រង្ស៊ី ក្នុងការគោរពវិញ្ញាណក្ខន្ធ អតីតព្រឹទ្ធសមាជិករបស់សហរដ្ឋអាមេរិក ចន ម៉ាក់ខេន និងការកៀងគរពលរដ្ឋខ្មែរមួយចំនួនតូចនៅសហរដ្ឋធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធគាត់ គឺជារូបភាពដែលប្រជាពលរដ្ឋខ្មែរចោទសួរក្នុងចិត្តថា តើ សម រង្ស៊ី រួមនឹងក្រុមអ្នកនយោបាយប្រឆាំងមានទំនាក់ទំនងអ្វីខ្លះជាមួយព្រឹទ្ធសមាជិករូបនេះ។ វាពិតជាគ្មានអ្វីសង្ស័យ ឡើយចំពោះចម្លើយ គឺដោយសារតែក្រុមអ្នកប្រឆាំងនឹងកម្ពុជាមានចំណងពិសេសជាមួយលោក ចន ម៉ាក ខេន ដែលគេបានដឹងគ្រប់គ្នាថា ព្រឹទ្ធសមាជិក ចន ម៉ាក់ខេន និងដេណា រូណាបាគ័រ គឺជាអ្នកដែលបានជួយគាំទ្រ សព្វបែបយ៉ាងទាំងហិរញ្ញវត្ថុនិងបច្ចេកទេសដល់ក្រុមប្រឆាំងនៅកម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០មក និយាយឱ្យចំ ចន ម៉ាកខេន និងដេណា រូណាបាគ័រ គឺជា «ឪបក្សប្រឆាំងនៅកម្ពុជា» ហេតុដូច្នេះហើយបានជាទាំង សម រង្ស៊ី និង កឹម សុខា បានលើកតម្កើងអ្នកទាំងពីររូបនេះរួមនឹងក្រុមសម្ព័ន្ធមិត្ររបស់ពួកគេថា ជាអ្នក ដែលគាំទ្របុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ នេះបង្ហាញថាពួកគេគោរពបរទេសជាងពលរដ្ឋខ្មែរ!

តាមពិតទៅ ចន ម៉ាកខេន និងក្រុមរបស់ខ្លួន បានប្រើប្រាស់លេសសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ បម្រើផលប្រយោជន៍ នយោបាយ និងសេដ្ឋកិច្ចរបស់ពួកគេ។ ចន ម៉ាក់ខេន ក្នុងនាមជាប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស ដល់គណបក្សជាតិខ្មែរដែលដឹកនាំដោយ សម រង្ស៊ី និងដល់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលដឹកនាំដោយ កឹម សុខា ដែលក្រោមមកក៏បានប្រែខ្លួន ទៅជាគណបក្សសិទ្ធិមនុស្ស។

តាមប្រភពព័ត៌មាន ចន ម៉ាក់ខេន បានជួបប្រជុំជាប្រចាំជាមួយក្រុមអ្នកនយោបាយប្រជោបាយនិយមកម្ពុជាទាំងនេះនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ សម រង្ស៊ី និងកឹម សុខា ដែល គេស្គាល់ថាបានញុះញង់ប្រជាពលរដ្ឋឱ្យមានការស្អប់ និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាច និងប្រឆាំងនឹងរដ្ឋអំណាចហើយធ្វើនយោបាយលើកំហឹងនេះព្រមទាំង បានញុះញង់ឱ្យស្អប់ខ្ពើមរើសអើងប្រកាន់ប្រកាន់ពូជសាសន៍ ធ្វើបាតុកម្មក្នុងចេតនាមួយ ផ្តួលរំលំរបបដឹកនាំស្របច្បាប់កម្ពុជា។

ចាប់តាំងពីឆ្នាំ ១៩៩៨ មក សម រង្ស៊ី និង កឹម សុខា បានប្រើប្រាស់នូវវិធីសាស្ត្រទាំងនេះដើម្បីបង្កើតឱ្យមានភាពតានតឹង និងបង្កចលាចល ដែលនាំឱ្យមានការសម្លាប់ទៅលើជនជាតិវៀតណាមថែមទៀតផង។ ចំពោះទង្វើរើសអើងប្រកាន់ជាតិសាសន៍ និងហិង្សានេះត្រូវបានទទួលស្គាល់ សរសើរ និងផ្តល់កិត្តិយសពីសំ ណាក់លោក ចន ម៉ាខិន ដោយផ្ទាល់។ គឺនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០០២ ព្រឹទ្ធសមាជិក ចន ម៉ាក់ខេន ប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ បានផ្តល់ពានរង្វាន់សេរីភាពដល់ សម រង្ស៊ីក្នុងនាម IRI និងអង្គការស្តាំនិយម មូលនិធិកេរតំណែក (Heritage Foundation)។ ចន ម៉ាកខេន បានថ្លែងថា សម រង្ស៊ី គឺជាវិរជនពិតសម្រាប់ពិភពលោកទាំងមូល។ ចន ម៉ាក់ខិន បានបន្តគាំទ្រ សម រង្ស៊ី ដែលប្រើប្រាស់វោហាសាសន៍ជេរ ប្រទេចផ្តាសា បរិហារកេរ្តិ៍ រួមនឹងការបោះពុម្ពផែនទី និងសន្ធិសញ្ញាក្លែងក្លាយ និង កឹម សុខា ដែលមិនទទួលស្គាល់ថាគ្មានការ ការសម្លាប់មនុស្សនៅគុកទួលស្លែង។ តើអ្វីដែល ចន ម៉ាក់ខេន និងក្រុមរបស់ខ្លួនរួមមានព្រឹទ្ធសមាជិក ដូណា រ៉ូរ៉ាបាគ័រ ធេត គ្រុះ និងសមាជិកសភា អេត រ៉យ បានធ្វើជាការជួយកម្ពុជាពិតទេ ព្រោះអ្នកទាំងនេះគាំទ្រលើ ទង្វើរំលោភច្បាប់ និងលើកទឹកចិត្តអ្នកដែលបំពានច្បាប់?

តាមរយៈអ្វីដែល កឹម សុខា បានសារភាពក្នុងខ្សែអាត់សំឡេងកាលពីឆ្នាំ ២០១៣ នៅអូស្ត្រាលីបញ្ជាក់យ៉ាងច្បាស់ថា ខ្មោចគណបក្សសង្គ្រោះជាតិបានទទួលទាំងការគាំទ្រ ទាំងហិរញ្ញវត្ថុ និងបច្ចេកទេសពីសហរដ្ឋ អាមេរិក ហើយអ្វីដែលគេសង្ស័យនោះគឺ ចន ម៉ាក់ខេន គឺជាមេក្លោងធំនៃផែនការបដិវត្តន៍ពណ៌នៅកម្ពុជា។ ហេតុដូច្នេះហើយបានជានៅពេលដែលមានការរំលាយគណបក្សសង្គ្រោះជាតិក្រោយពីរកឃើញភស្តុតាងក្បត់ជាតិនិងក្បត់ប្រជាពលរដ្ឋខ្មែរ ឃុបឃិតជាមួយបរទេសធ្វើបដិវត្តន៍ពណ៌ ចន ម៉ាក់ខេន ដែលជាឪរបស់បក្សប្រឆាំង នៅកម្ពុជាបានស្វះស្វែងកៀងគរកម្លាំងក្នុងរដ្ឋសភា និងព្រឹទ្ធសភារបស់អាមេរិកធ្វើសេចក្តីស្នើច្បាប់ ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ នេះគឺជាទង្វើសងសឹកជំនួសកូនចឹងរបស់ខ្លួន សម រង្ស៊ី និង កឹម សុខា ដែលត្រូវបានចាប់ខ្លួន និងខ្លះរត់ចោលស្រុក ហើយ បក្សក៏ត្រូវបានរំលាយតាមអំណាចសាលដីការបស់តុលាការកំពូល។

ពេលនេះនិមិត្តរូបបដិវត្តន៍ពណ៌នៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ចន ម៉ាក់ខេន បានលាចាកលោកនេះក្នុងជន្មាយុ៨១ឆ្នាំ បន្ទាប់ពីបានតស៊ូនឹងជំងឺមហារីកខួរក្បាល ជាច្រើនខែឆ្នាំមក។ សម រង្ស៊ី និងបក្ខពួកអ្នកនយោបាយរត់ចោលស្រុករបស់ខ្លួនបាននិងកំពុងមោទនភាពចំពោះការជួយ របស់លោក ម៉ាកខេន ចំពោះក្រុមខ្លួន ប៉ុន្តែវាគ្រាន់តែជាការដេកឱបនូវ អតីតកាលតែប៉ុណ្ណោះ ហើយពួកគេ នឹងបញ្ចប់ជីវិតរបស់ពួកគេនឹងការដេកស្រមើស្រម៉ៃក្នុងអតីតកាល។ ពួកគេនឹងគ្មានថ្ងៃរើបម្រះបានចាកចេញពីការធ្វើជាខ្ញុំកញ្ជះដាច់ថ្លៃ របស់បរទេស បំផ្លាញជាតិឯងឡើយ ព្រោះពួកគេបានដិតដាមដោយមហិច្ឆតាអំណាចដ៏ងប់ងុល និងធ្វើខ្លួនជាតួឯកក្នុងរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តាមការបញ្ជោររបស់ចៅហ្វាយនាយបរទេសខ្លួន។

កន្លងទៅ ទោះបីជាបានលោកចន ម៉ាក់ខេនបានប្រព្រឹត្តអ្វីមិនសមរម្យមកលើជាតិនិងប្រជាជនកម្ពុជាតាមរយៈការគាំទ្រអ្នកនយោបាយប្រឆាំង ប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ប៉ុន្តែកម្ពុជាក៏សូមអហោសិកម្មចំពោះរូបលោក និងសូមវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព ហើយគំនិតបំផ្លាញកម្ពុជាតាមរយៈបដិវត្តន៍ពណ៌ នឹងរលាយទៅតាមរូបកាយរបស់លោកម៉ាកខេន។ ប្រជាពលរដ្ឋកម្ពុជាជឿជាក់ថាចំណងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនឹងមានភាពល្អប្រសើរកាន់តែខ្លាំងឡើង និងទំនាក់ទំនងគ្នាស្មើសិទ្ធិ និងស្មើភាពក្រោមដំបូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ អ្នកនយោបាយអាមេរិកផ្សេងទៀតនឹងសំឡឹងកម្ពុជាក្នុងក្រសែភ្នែកសន្តិភាព និងការអភិវឌ្ឍ មិនមែនជាការតាំងខ្លួនជាម៉ែឪរបស់កម្ពុជាឡើយ ព្រមទាំងទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា ក្នុងការកសាងប្រទេសចេញពីគំនរផេះផង់នៃការទម្លាក់គ្រាប់បែកជិត ៣ លានតោនរបស់ខ្លួនមកលើកម្ពុជា និងទទួលស្គាល់ការលះបង់របស់ពលរដ្ឋកម្ពុជា ក្នុងការបញ្ចប់សង្គ្រាម កសាងនិងអភិវឌ្ឍជាតិឡើងវិញរហូតបានងើបឈរត្រង់ខ្លួនដល់ពេលនេះ។

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨