(បាត់ដំបង)៖ នគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួន និងបង្ហាញមុខឃាតករំលោភសម្លាប់នារីម្នាក់នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ជនដៃដល់ បានសារភាពរួច ដោយពិតជាបានរំលោភសម្លាប់ជនរងគ្រោះមែន នៅចំណុចវាលបន្ទាត់មាស (ស្រះទឹក១កន្លែង)។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បន្ទាប់ពីករណីឃាតកម្មនេះភ្លាម លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នួន សាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងនគរបាលស្រុកសង្កែ បើកការ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ជាឃាតក។ ក្រោយជនដៃដល់សារភាពរួចមក សមត្ថកិច្ចជំនាញបានសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនខ្លួន តុលាការខេត្តដើម្បីចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលពេលធ្វើសកម្មភាព ជនសង្ស័យបានឃើញជនរងគ្រោះនៅម្នាក់ឯង នៅជិតកន្លែងកើតហេតុ ហើយក៏មានអារម្មណ៍ផ្លូវភេទភ្លាមៗ រហូតចាប់រំលោភតែម្តង។ មុនពេលធ្វើសកម្មភាព ជនសង្ស័យបានយកណ្តៀវមកចាក់ជនរងគ្រោះ២កន្លែង បណ្តាលឲ្យសន្លប់ប្រហែល១០នាទី រួចចាប់ផ្តើមឡើងពោបពីលើរំលោភបានរយៈពេល៣នាទី ក៏បានសម្រេចរួច អូសចូលទៅទម្លាក់ក្នុងទឹកស្រះ។ ពេលឃើញជនរងគ្រោះមិនទាន់ស្លាប់ ក៏ទាញដំបងឬស្សីនៅក្បែរនោះវាយ២ដំបង ចំកញ្ចឹងក១កន្លែង ចំខ្នង១កន្លែង ហើយបានបោះមួកជនរងគ្រោះចូលក្នុងស្រះទឹក រួចយកឬស្សីរុញទម្លាក់ពន្លិចទឹកហើយគេចខ្លួនបាត់។
លោក ជេត វណ្ណនី បានបន្តថា ជនដៃដល់មានឈ្មោះ ឆុន ឆាន អាយុ២៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ចំណែកជនរងគ្រោះមានឈ្មោះ ឆន សឿត អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយស ឃុំតាប៉ុន កន្លែងកើតហេតុខាងលើ។
សូមបញ្ជាក់ថា នារីរងគ្រោះបានទៅឃ្វាលគោពេញមួយថ្ងៃ ពេលមិនឃើញមកផ្ទះវិញ សាច់ញាតិ និងអ្នកជិតខាងជួយដើររកស្រាប់តែប្រទះឃើញស្លាប់ក្នុងស្រះទឹក ក្នុងលក្ខណៈអាក្រាតកាយ នៅវេលាម៉ោង៧៖០០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចក្រុមទី២៩ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅឃ្វាលគោ ដោយបាត់មិនឃើញមកផ្ទះជិតមួយថ្ងៃ ប្រជាពលរដ្ឋរួមទាំងសាច់ញាតិជនរងគ្រោះ បានដើររកស្រី្តរងគ្រោះខាងលើជាច្រើនកន្លែង ក៏ប្រទះឃើញមួកជនរងគ្រោះនៅជិតកន្លែងកើតហេតុ។ ពេលចុះរាវក្នុងទឹកស្រះ បានប្រទះឃើញស្ត្រីរងគ្រោះស្លាប់ ក្នុងសភាពស្នាមជាំពេញមុខមាត់ និងអាក្រាតកាយ៕