(ក្រចេះ)៖ លោកវរសេនីយ៍ទោ សុស ហ៊ូសេន នាយរងផ្នែកអធិការកិច្ចនៃកងទ័ពជើងគោក បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ថោង ថាវរិន្ធ មេបញ្ជាការរងកងទ័ពជើងគោក និង លោកឧត្ដមសេនីយ៍ទោ ស៊ឹម តៃ នាយអធិការកិច្ចកងទ័ពជើងគោកចំនួន២លានរៀល ជូនស្ត្រីមេម៉ាយកូន៥នាក់ មានជីវភាពក្រីក្រលំបាកក្រោយពីប្ដីស្លាប់ ដោយទុកឲ្យរស់នៅក្នុងខ្ទមមួយស្ថិតនៅភូមិ ព្រៃគោ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីដោះបំណុលធានាគារ និងសាងសង់ផ្ទះ១ខ្នងជូនថែមទៀត។
លោក សុស ហ៊ូសេន បានឲ្យដឹងថា ស្ត្រីមេម៉ាយរូបនោះមានឈ្មោះ គ្រឹង ស្រីវិត អាយុ៣៥ឆ្នាំ បានជួបផលលំបាកដោយសារប្ដីរបស់គាត់មានជំងឺរ៉ាំរ៉ៃ ហើយគាត់បានលក់គោ ក្របី ជ្រូក មាន់ ទា ស្រែចំការ និងផ្ទះសំបែងអស់ដើម្បីព្យាបាលប្ដី តែមើលមិនជា ហើយក៏ស្លាប់អស់រយៈពេលជាង១ឆ្នាំហើយ។
សព្វថ្ងៃគាត់រស់ក្នុងខ្ទមកំសត់មួយ ជាមួយនិងកូនតូចៗ៥នាក់ យ៉ាងលំបាកបំផុត ដោយរូបគាត់នៅជំពាក់បំណុលធានាគារថែមទៀត ហើយសព្វថ្ងៃគ្មានមុខរបបចិញ្ចឹមកូនពេលខ្លះ នៅពេលយប់គាត់ដើរឆ្លុះក្ដាមខ្យង ដើម្បីធ្វើម្ហូប ហើយកូនៗរបស់គាត់គ្មានអ្វីហូបនោះទេ ហូបបាយ និងទឹកត្រី ហើយក៏មិនបានរៀនសូត្រដែរ ព្រោះគាត់គ្មានលទ្ធភាពឲ្យរៀន។
ដោយឃើញទិដ្ឋភាពលំបាកបែបនេះ និងក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ក៏ចាត់ឲ្យក្រុមការងារយកថវិកាចំនួន២លានរៀល ជួយដោះបំណុលធានាគារ និងសាងផ្ទះមួយខ្នងជូនទៀតផង។
លោកវរសេនីយ៍ទោរូបនោះ បន្ដទៀតថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ពេលទឹកស្រកផុតពីផ្លូវ លោកនឹងដឹកគ្រឿងដែកសាងសង់ផ្ទះជូនស្ត្រីមេម៉ាយរូបនោះ ហើយលោកនឹងសាងសង់ ជាផ្ទះទៀមជញ្ជាំងស័ង្កសីដំបូលស័ង្កសីទំហំ៤,០៥ គុណ៥ម៉ែត្រ, ធ្វើទ្រុងមាន់ឲ្យមួយ ព្រមទាំងទិញមាន់មេចំនួន១០ក្បាល ឲ្យចិញ្ចឹមបន្ថែមទៀត៕