(ស្ទឹងត្រែង)៖ ដើម្បីឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ដោយដងទន្លេសេសាន នៅព្រឹកថ្ងៃ ព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ ៣រោច ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣០-៣១ ខែ ខែសីហា ឆ្នាំ ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ឈាង ឡាក់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ១,៣៦០គ្រួសារ មកពីភូមិចំនួន ៤ ក្នុងឃុំតាឡាត និងស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ក្នុងឱកាសនោះ លោកវេជ្ជ. បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពរស់នៅប្រចាំថ្ងៃ បរិភោគទឹកស្អាត ត្រូវមើលថែទាំចាស់ជរា ជនពិការ និងកូនតូចៗឱ្យបានល្អកុំឲ្យលង់ទឹក ត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសគ្រប់ប្រភេទ ជាពិសេស មុននឹងឡើងលើផ្ទះ និងមុនចូលដំណេក។ ពេលទឹកស្រកទៅវិញ សុំបង ប្អូនសម្អាតបរិស្ថានឲ្យបានស្អាត បំបាត់ទឹកដក់ សំរាមស្អុយរលួយ ដើម្បីជៀសវាងការកើតជំងឺគ្រុនឈាម និងជំងឺផ្សេងៗ និងនាំគ្នាឆាប់បង្កបង្កើនផលឡើងវិញនៅពេលទឹកស្រក ។រាល់ពេលមានបញ្ហាសុខភាពសូមបង-ប្អូនប្រញាប់ទៅរកពេទ្យដែលមានវិជ្ជាជីវៈត្រឹមត្រូវដើម្បីព្យាបាល ។

ក្នុងនាមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ លោក ឈាង ឡាក់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរសុខទុក្ខបងប្អូនដែលមានទុក្ខលំបាក ដោយមិនរើសអើងវណ្ណៈ ជាតិសាសន៍ ឬប្រកាន់និន្នាការនយោបាយឡើយ ។

អំណោយដែលបានផ្ដល់ជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ក្រមា១ និងអាវ១ ។

សូមបញ្ជាក់ជូនថា ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បានចំនួន ១៥ខេត្ត បានសរុបចំនួន ៣ម៉ឺនគ្រួសារ ហើយ ៕