(ភ្នំពេញ)៖ សាកលវិទ្យាល័យដ៏ល្បីមួយរបស់អាមេរិក បានប្រកាសនៅថ្ងៃសុក្រនេះថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និស្សិតខ្មែរអាចចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតនៅកម្ពុជាបាន ដោយពុំចាំបាច់ចំណាយថវិកាដ៏សន្ធឹកសន្ធាប់នៅអាមេរិកទៀតឡើយ។
លោកស្រី Hillary Vance នាយិកាសាខាសាកលវិទ្យាល័យអារីហ្សូណា ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានថ្លែងថា «ជំនួសឱ្យការត្រូវទៅសិក្សាដោយផ្ទាល់នៅសហរដ្ឋអាមេរិក ចាប់ពីពេលនេះតទៅ និស្សិតមកពីគ្រប់ទិសទីអាចចូលរៀន និងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យអារីហ្សូណា ដោយចំណាយថ្លៃសិក្សាតិចជាងការត្រូវទៅសិក្សាដោយផ្ទាល់នៅសហរដ្ឋអាមេរិក»។
កម្មវិធីសិក្សាដែលនិស្សិតអាស៊ីជាច្រើនទន្ទឹងរង់ចាំជាយូរមកហើយនោះ ត្រូវបានបង្កើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការអប់រំរវាងសាកលវិទ្យាល័យអារីហ្សូណា (UA) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដើម្បីឱ្យនិស្សិតខ្មែរក៏ដូចជា និស្សិតមកពីប្រទេសផ្សេងៗទៀត ក្នុងតំបន់ឱ្យមកទទួលយកការអប់រំ លើកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree) នៅទីក្រុងភ្នំពេញរបស់កម្ពុជា។
AUPP ជាសាកលវិទ្យាល័យទី១ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានសហការជាមួយសាកលវិទ្យាល័យអារីហ្សូណា លើកម្មវិធីសញ្ញាបត្រពីរ (Dual Degree) ហើយក៏ជាលើកទី១ដែរ ដែលសាកលវិទ្យាល័យអារីហ្សូណា បានបង្កើតសាខារបស់ខ្លួននៅអាស៊ីនៅក្នុងសាកលវិទ្យាល័យ AUPP ក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១/ ០១២ ៨៩៨ ១២៤ អ៊ីម៉េល៖ [email protected] ចូលទៅកាន់ www.arizona.edu.kh ឬ Facebook: UA Phnom Penh៕