អាវុធហត្ថកម្ពុជា សហការជាមួយប៉ូលីសអន្តរជាតិរបស់ថៃ តាមចាប់ជនជាតិថៃ២នាក់ ដែលបានសម្លាប់មនុស្សនៅថៃ
31-08-2018 17:12
(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយប៉ូលីសអន្តរជាតិ (Interpool) របស់ថៃ បើកប្រតិបត្តិការរួមគ្នា ឈានទៅចាប់ខ្លួនជនជាតិថៃពីរនាក់ ដែលបានសម្លាប់មនុស្ស នៅក្នុងប្រទេសថៃហើយរត់មកសម្ងំលាក់ខ្លួននៅកម្ពុជា។
យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ជនជាតិថៃដែលចាប់ខ្លួននេះរួមមាន៖ ឈ្មោះ អាស សីហា ហៅកូ ភេទប្រុស និងឈ្មោះ អានុ វ៉ាត់ ហៅចឹក។
ជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួន នៅផ្ទះជួលភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ចចម្រុះ បានដកហូតបានម៉ូតូ ២គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរៀបចំឯកសារកសាងសំណុំរឿងតាមនីតិវិធី៕