(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ និស្សិតសាកលវិទ្យាល័យអន្ដរជាតិ ហៅកាត់ថា IU ចំនួន២០នាក់ បានទៅបន្ដការសិក្សានៅប្រទេសចិន និងប្រទេសជប៉ុន រយៈពេលចំនួន៦ខែ ដោយឥតគិតថ្លៃ។និស្សិតទាំង២០នាក់នេះ គ្រោងនឹងចេញដំណើរនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នាពេលខាងមុខ។
ជាក់ស្ដែង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ សាកលវិទ្យាល័យអន្ដរជាតិ បានរៀបចំពិធីសំណេះសំណាល និងផ្ដល់ការណែនាំនូវអនុសាសន៍សំខាន់ៗមួយចំនួន ពីលោកបណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យអន្ដរជាតិ (IU) ដើម្បីឲ្យនិស្សិតទាំង២០នេះ ត្រឡប់មកវិញទទួលបាននូវលទ្ធភាពផ្លែផ្កា ក្នុងការអភិវឌ្ឍខ្លួនឯង ក៏ដូចជាប្រទេសជាតិ។
និស្សិតទាំង២០នាក់ ដែលត្រូវបានទៅសិក្សា នៅប្រទេសចិន និងជប៉ុននោះ គឺចែកជា២ក្រុមដោយក្នុងនោះ រួមមាន៖
ក្រុមទី១៖ តាមកិច្ចព្រមព្រៀង ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) របស់សាកលវិទ្យាល័យ នៃស្រុកគ័ងចូវ ប្រទេសចិន នៃកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសាកលវិទ្យាល័យអន្ដរជាតិ (IU)។ ការបញ្ជូនទៅនេះ ក្នុងគោលបំណងឲ្យនិស្សិតទៅសិក្សា នៅប្រទេសចិន ដើម្បីផ្លាស់ប្ដូរកម្មវិធីសិក្សា ផ្នែកវិស័យទេសចរណ៍ ចំនួន១៦នាក់។
ក្រុមទី២៖ ក្រោមកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ អន្តរជាតិ និងក្រុមហ៊ុន អ៊ីម៉ាតុតឹ មេឌីក រៀបចំសិក្ខាសាលា សម្រាប់និស្សិតឱសថសាស្ត្រ ចំនួន៦លើក ហើយមាននិស្សិត៤នាក់ ដែលមានពិន្ទុខ្ពស់ និងជាប់ការសម្ភាសជ្រើសរើស ទៅទស្សនកិច្ចសិក្សា នៅប្រទេសជប៉ុន។ និស្សិតទាំង៤នាក់នេះ នឹងទៅចូលរួមវគ្គបណ្តុះបណ្តាល ស្ដីពី ការលាងឈាម និងជំងឺតម្រង់នោម។
លោកបណ្ឌិតសភាចារ្យ នេត បារ៉ុម បានធ្វើការផ្ដាំផ្ញើដល់ និស្សិតទាំង២០នាក់ថា សូមរៀនកុំចាំបាច់តែ គេរៀបចំជូន ត្រូវស្វែងយល់ រៀនខ្លួនឯង ហើយត្រូវចេះយល់ថា វាមានប្រយោជន៍ សម្រាប់ទីផ្សារការងារ ក៏ដូចជាការអភិវឌ្ឍខ្លួនឯង។
សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យអន្ដរជាតិ រូបនេះ បានបន្ថែមទៀតថា ត្រូវរក្សាចំណង់មិត្ដភាព សហប្រតិបត្តិការជាមួយស្ថាប័នដៃគូ ឲ្យបានល្អប្រសើរ ក្នុងការទំនាក់ទំនង ដើម្បីចំណង់នៃការទំនាក់ទំនង ឲ្យកាន់តែជិតស្និទ្ធជាមួយគ្នា ក៏ដូចជារវាងប្រទេស និងប្រទេសផងដែរ៕