(ចិន)៖ ក្នុងចំណោមទីក្រុងចំនួន២២ នៅប្រទេសចិន ក្រុងប៉េកាំង បានឈ្នះការវាយតម្លៃអំពីបរិយាកាសអាជីវកម្មជារួម។ នេះបើយោងតាមរបាយការណ៍រួមគ្នាមួយ ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិ ដើម្បីការអភិវឌ្ឍ និងកំណែទម្រង់ចិន និងសាលាក្រុងប៉េកាំង កាលពីថ្ងៃច័ន្ទកន្លងទៅ។
របាយការណ៍នេះបង្ហាញថា ក្រុងប៉េកាំង បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន ដើម្បីជួយដល់ការកែទម្រង់ផ្សេងៗ ដូចជាការបើកទូលាយសម្រាប់អាជីវករ និងការចេញប័ណ្ណអនុញ្ញាតសាងសង់ ដែលបានជួយអភិវឌ្ឍយ៉ាងធំធេង ដល់បរិយាកាសធ្វើអាជីវកម្មនៅក្នុងទីក្រុង។
លើសពីនេះ ប៉េកាំង ក៏បានបញ្ចូលកំណែទម្រង់ចំនួន២៦ និងបញ្ជីគោលនយោបាយចំនួន១៣៦បញ្ជី សម្រាប់ធ្វើឱ្យបរិយាកាសអាជីវកម្ម ក្នុងទីក្រុងកាន់តែល្អប្រសើរឡើង ដោយក្នុងនោះមាន៨៨បញ្ជីគោលនយោបាយ ត្រូវបានគេអនុវត្ត។
មជ្ឈមណ្ឌលសេវារដ្ឋបាលគ្រប់ជ្រុងជ្រោយ នៅខណ្ឌហៃទាន ក្រុងប៉េកាំង មានផ្តល់សេវាច្រកចេញចូលតែមួយ ដោយមានបុគ្គលិកនៅនឹងកន្លែងផ្ទាល់ នៅតាមមន្ទីរពន្ធដារ មន្ទីរសន្តិសុខសាធារណៈ និងអគារឧស្សាហកម្មនិងពាណិជ្ជកម្មផ្សេងៗ សម្រាប់ជួយសម្រួលដល់ការទទួលបានសេវាកម្ម។
ខណ្ឌ ឆាវយ៉ាង គឺជាខ័ណ្ឌដំបូងគេនៅប៉េកាំង ដែលផ្តល់សេវាក្រៅម៉ោងធ្វើការ និងបន្ថែមម៉ោងផ្តល់សេវាសម្រាប់សេវា ដែលមានគេត្រូវការច្រើន ដោយថែមម៉ោងធ្វើការចំនួន២ម៉ោង បន្ថែមពីលើម៉ោងធ្វើការធម្មតា ដើម្បីបំពេញតម្រូវការរបស់អ្នកដែលត្រូវការសេវា ឱ្យបានកាន់តែល្អ។ ប្រជាពលរដ្ឋនៅមូលដ្ឋានក៏អាចស្នើសុំតាមអនឡាញ ដើម្បីកក់ម៉ោងទទួលសេវានៅរៀងរាល់ថ្ងៃសៅរ៍ផងដែរ។
មជ្ឈមណ្ឌលសម្រាប់ការបង្កើតថ្មី ចុងគ័នឈុន អ៊ីនណូ វេរ (Zhongguancun Inno Way) ដែលជាមជ្ឈមណ្ឌលដ៏ពិសេសគ្មានពីរ សម្រាប់សហគ្រិន បានប្រមូលផ្តុំក្រុមអាជីវករជិត៣ពាន់ក្រុម ក្នុងអំឡុងពេល៤ឆ្នាំកន្លងទៅនេះ។ ឈ្មួញកណ្តាលនិងទីភ្នាក់ងារវិនិយោគ ដែលស្របតាមស្តង់ដារខ្ពស់ បានផ្តល់ជូនក្រុមហ៊ុនទើបនឹងបង្កើតថ្មីទាំងឡាយ នូវសេវាកម្មជាច្រើនទាំងផ្នែកសារពើពន្ធ ច្បាប់ ហិរញ្ញវត្ថុ និងធនធានមនុស្ស៕ (សារព័ត៌មាន CCTV របស់ចិន)