(ភ្នំពេញ)៖ «មូលនិធិគន្ធបុប្ផាកម្ពុជា» នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានស្វាគមន៍ និងទទួលសប្បុរសជនពីរក្រុម ដែលបានអញ្ជើញមកបរិច្ចាគថវិកាជូន «មូលនិធិគន្ធបុប្ផាកម្ពុជា» ដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលក្រុមទី១ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ អ៊ុក សារឹម តំណាងអគ្គបញ្ជាការដ្ឋានទីចាត់ការហ្វឹកហ្វឺន និងក្រុមទី២ ដឹកនាំដោយ លោក ម៉ៅ សាកល តំណាងអតីតនិស្សិតមហាវិទ្យាល័យពាណិជ្ជសាស្ត្រជំនាន់ទី១០ ព្រមទាំងមិត្តភក្តិ។
ការប្រគល់ និងទទួលថវិកាបរិច្ចាគទាំងពីរនេះ ត្រូវបានធ្វើឡើងរវាងតំណាងក្រុមសប្បុរសជននីមួយៗ និងតំណាងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញផងដែរ។
ការចូលរួមថ្ងៃនេះ សបញ្ជាក់ពីការរួមចំណែកឆ្លើយតបទៅនឹងប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានផ្តល់ការណែនាំថា «បើម្នាក់ចូលរួម៥,០០០ រៀលក្នុងមួយខែ ហើយយើងរួបរួមគ្នាបានដល់ចំនួន ២,០០០,០០០ (ពីរលាន)នាក់ នោះយើងនឹងអាចជួយរក្សានិរន្តរភាព មន្ទីរពេទ្យគន្ធបុប្ផាបានយ៉ាងប្រសើរ»។
សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបផងដែរថា «មូលនិធិគន្ធបុប្ផាកម្ពុជា» ត្រូវបានបង្កើតឡើងក្រោមទម្រង់ ជាបរធនបាលកិច្ច នៅក្រោមពាក្យស្លោក «ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា» ក្នុងគោលបំណង ដើម្បីកៀរគរនូវអំណោយឧបត្ថម្ភធន និងវិភាគទានសប្បុរសធម៌ ពីគ្រប់ប្រភពស្របច្បាប់នានា សម្រាប់គោលដៅនៃការធានាចីរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងធានាថា កុមារកម្ពុជានឹងបន្ដទទួលបានការធានា នូវការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ។
«មូលនិធិគន្ធបុប្ផាកម្ពុជា» សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះឧត្តមសេនីយ៍ទោ អ៊ុក សារឹម ព្រមទាំងសហការី និងលោក ម៉ៅ សាកល តំណាងអតីតនិស្សិតមហាវិទ្យាល័យពាណិជ្ជសាស្ត្រជំនាន់ទី១០ និងមិត្តភក្តិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងធនធានថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយ «មូលនិធិគន្ធបុប្ផាកម្ពុជា»។
«មូលនិធិគន្ធបុប្ផាកម្ពុជា» មានកិត្តិយសសូមបន្តលើកទឹកចិត្ត សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងអ្នកនាងកញ្ញា ចូលរួមវិភាគទានសប្បុរធម៌ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ក្នុងគោលដៅរួម គឺដើម្បីនាំមកនូវភាពញញឹមដល់កុមារកម្ពុជា ដែលជាអនាគតដ៏ភ្លឺស្វាងនៃកម្ពុជា៕