(ឧត្ដរមានជ័យ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋនោះ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ដឹកនាំដោយលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញដែលដាក់លក់នៅតាមស្តង់ និងម៉ាតនានា ក្នុងផ្សារសំរោង ស្ថិតនៅក្រុងសំរោងខេត្ត ឧត្តរមានជ័យ។
ជាលទ្ធផល ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមការងារសាខាបានរកឃើញនូវទំនិញ ហួសកាលបរិច្ឆេតប្រើប្រាស់ មានដូចជា ទឹកក្រូចចំនួន១០យួរ ស្មើនិង១២០ដប ផ្សិតកំប៉ុង១៩កំប៉ុង ទឹកប៉េងប៉ោះ១២ដបនិងប័រកំប៉ុងមួយកំប៉ុងផងដែរ។ ជាមួយគ្នានេះក្រុមការងារសាខា បានធ្វើការសំដកហូតពីម្ចាស់អាជីវកដើម្បីយកមករក្សាទុកដុតកម្ទេចចោលនៅពេលក្រោយផងដែរ។
ក្នុងពេលនោះផងដែរ លោក ខាន់ រ៉ាត់ ក៏បានណែនាំដល់បងប្អូនអាជីវករឲ្យមានការយល់ដឹង ពីការនាំចូល និងដាក់តាំងលក់នៅទីសុវត្ថិភាព ម្ហូបអាហារ ហើយលោកក៏បានសង្កត់ធ្ងន់ផងដែរទៅលើទំនិញដែលហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ គឺមិនតម្រូវឲ្យដាក់តាំងលក់ជួនដល់អតិថិជនទៀតទេ។ លោកក៏បានធ្វើការណែនាំបន្ថែមដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុនទទួលទិញយកមកលក់៕