(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីស្រីលង្កា លោក រ៉ានីល វីកក្រេមេស៊ីញហេ បានផ្ញើលិខិតអបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានបន្តតំណែងជានាយករដ្ឋមន្ដ្រី នៃកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោតជាតិអាណត្តិទី៦ ដោយជោគជ័យ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
លិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ នាយករដ្ឋមន្ដ្រីស្រីលង្ហា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយក្រៃលែង សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅ ចំពោះសម្ដេចតេជោ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា»។
នាយករដ្ឋមន្ដ្រីស្រីលង្ហា លោក រ៉ានីល វីកក្រេមេស៊ីញហេ បានបង្ហាញជំនឿជឿជាក់ថា ក្រោមការគ្រប់គ្រងរបស់សម្ដេចតេជោ ហ៊ុន សែន ចំណងទាក់ទងរវាងស្រីលង្ហា និងប្រទេសកម្ពុជា ដែលបានរីកលូតលាស់ដោយការតភ្ជាប់វប្បធម៌រួមគ្នា នឹងត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមក នៃប្រជាជនប្រទេសទាំងពីរ។
សូមរំលឹកថា កម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រកបដោយភាពជោគជ័យ តម្លាភាព និងយុត្តិធម៌ ដោយមានអ្នកទៅចូលរួមបោះឆ្នោតយ៉ាងច្រើនលើសលុបរហូតដល់ជាង៨៣ភាគរយ ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃដំណើរលទ្ធិប្រជាធិបតេយ្យ៕