(ព្រៃវែង)៖ សំណុំរឿងក្មេងស្ទាវមួយក្រុម ស្ទាក់កាប់ប្រហារបុរសម្នាក់បណ្ដាលឲ្យស្លាប់ និងមិត្តភ័ក្រម្នាក់របួសធ្ងន់ នៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នោះ ក្រុមគ្រួសារអ្នកស្លាប់មិនទាន់ទទួលបាននូវដំណោះស្រាយ និងភាពយុត្តិធម៌តាមផ្លូវច្បាប់នៅឡើយទេ ខណៈសាក្សីបានស្គាល់មុខសញ្ញាក្រុមជនបង្កអស់ហើយ ប៉ុន្ដែសមត្ថកិច្ចមិនទាន់មានចំណាត់ការនៅឡើយ។
ទាំងក្រុមគ្រួសារអ្នកស្លាប់ និងក្រុមគ្រួសាររបស់អ្នករងរបួសធ្ងន់ កំពុងតែដង្ហើយហៅរកភាពយុត្ដិធម៌ និងដំណោះស្រាយផ្សេងពីសមត្ថកិច្ច ក្រោយករណីនេះ បានកន្លងហួសរយៈពេលជិតមួយឆ្នាំទៅហើយ។
បងប្រុសបង្កើតជនរងគ្រោះឈ្មោះ រី រីម អាយុ៤០ឆ្នាំ បានរៀបរាប់ថា ប្អូនប្រុសរបស់លោក ត្រូវបានក្មេងទំនើងមួយក្រុមរៀបគម្រោងព្រួតវាយសម្លាប់ យ៉ាងសាហាវព្រៃផ្សៃបំផុត ដែលហេតុការណ៍នេះកើតឡើង កាលពីម៉ោង១០៖៣០យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ខណៈពេលជនរងគ្រោះឈ្មោះ រី ដារ៉ា រួមជាមួយមិត្តភ័ក្រ្ត កំពុងឈរមើលគេរាំនៅក្នុងវត្តចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ស្រាប់តែមានក្មេងទំនើងមួយក្រុម គប់ដុំថ្ម មកលើមួយគេ (ភាគីជនរងគ្រោះ) ហើយក្រុមជនរងគ្រោះក៏បានទៅសួរនាំ ប៉ុន្តែភាគីជនបង្កដែលគេស្គាល់ឈ្មោះ ពឿន ពី និងឈ្មោះ ឡាត់ ហួរ បានបដិសេធ និងបានប្រើពាក្យគំរាមថា «យប់នេះពួកហ្អែងអត់រួចខ្លួនទេ» រួមក៏បែកគ្នាអស់ទៅ។
បងប្រុសជនរងគ្រោះបន្តថា ក្រោយពីសួរនាំរួចហើយ ក្រុមជនរងគ្រោះបាននាំគ្នាជិះម៉ូតូចេញពីវត្ត ពេលដែលចេញមក ពួកគេបានឃើញមនុស្សមួយក្រុម កំពុងដើរចុះឡើង ខណៈពេលដែលមានភ្លើងឡានបញ្ចាំងទៅ ក្រុមជនរងគ្រោះក៏បានសម្រេចចិត្ត មិនត្រឡប់ទៅផ្ទះផ្លូវនោះទេ ដោយជិះត្រឡប់ក្រោយវិញ ព្រោះរង់ចាំឲ្យស្ងប់បន្តិចក្រែងមនុស្សមួយក្រុមនោះបំបែកគ្នាអស់។
លោក រី រីម បន្ថែមថា ប្រហែលកន្លះម៉ោងក្រោយមក ជនរងគ្រោះបានជិះបកក្រោយតាមម៉ូតូ២គ្រឿង លុះមកដល់កន្លែងកើតហេតុ ក៏មានក្រុមជនសង្ស័យ ប្រហែលជា១០នាក់ ចេញមកវាយតែម្តង ដោយបានវាយសម្លាប់ ឈ្មោះ រី ដារ៉ា ដែលត្រូវជាប្អូនប្រុសរបស់ខ្លួន បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមិត្តភ័ក្រ្តម្នាក់ទៀត រងរបួសធ្ងន់បាក់ភ្លៅទាំងពីរ។
អ្វីដែលធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះហួសចិត្តនោះ គឺក្រុមជនសង្ស័យត្រូវបានសាក្សីស្គាល់មុខហើយ ប៉ុន្ដែមិនទាន់ឃើញមានចំណាត់ការណាមួយនោះទេ ឲ្យទុកឲ្យជនសង្ស័យ ដែលជាជនបង្កមានសេរីភាព និងដើរបង្កភាពអាណាធិបតេយ្យជាធម្មតា។
យ៉ាងណាក៏ដោយ សម្រាប់ករណីនេះក្រុមគ្រួសារជនរងគ្រោះ គ្មានអ្វីក្រៅពីការអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយរកយុត្ដិធម៌ជូនក្រុមគ្រួសាររបស់លោក ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់យ៉ាងសាហាវព្រៃផ្សៃ៕