(ភ្នំពេញ)៖ បន្ទាប់ពីបានរៀបចំវេទិកាការងារ រយៈពេលពេញ១ថ្ងៃ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (NEA) បានផ្ដល់ឱកាសការងារដល់បេក្ខជន ដែលមិនមានការងារធ្វើ យ៉ាងហោចណាស់៣៥១នាក់ ដោយក្នុងនោះមានបេក្ខជនចំនួន៣៧នាក់ បានសម្ភាសជាប់ជាស្ថាពរ និង៣១៤នាក់ទៀតជាប់បឋម។
ថ្លែងឲ្យដឹងក្នុងវេទិកាការងារនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ យុវជន តាំង លីម គួង និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច សិក្សាជំនាញគ្រប់គ្រង ពាណិជ្ជកម្ម បានឲ្យដឹងថា «ខ្ញុំពិតជាមានសេចក្តីរំភើប រីករាយយ៉ាងខ្លាំង ដែលបានជួបជាមួយនឹងក្រុមហ៊ុន ដែលខ្ញុំស្រលាញ់ចង់បម្រើ ការងារ ហើយអាចដាក់ពាក្យផ្ទាល់ និងសម្ភាសជាមួយតំណាងក្រុមហ៊ុនទាំងនោះ ពិសេសនោះ គឺខ្ញុំអាចជ្រើសរើសការងារ ដែលខ្លួនឯងពេញចិត្តទៀតផង»។
យុវជនរូបនោះបន្ដទៀតថា ពីមុនធ្លាប់ដាក់ពាក្យស្វែងរកការងារ តាមរយៈ Email និងចុះសួរតាមរយៈក្រុមហ៊ុន ប៉ុន្ដែមិនបានលទ្ធផល និងមានការពិបាកជាខ្លាំង បូករួមជាមួយនឹងការទន្ទឹងរងចាំ
ពីសំណាក់បណ្ដាក្រុមហ៊ុនទាំងនោះ តេហៅទៅសម្ភាស។
យុវុជន ដដែលរូបនោះបន្ដទៀតថា «ពេលនេះខ្ញុំមានភាពងាយស្រួលខ្លាំង ដោយសារតែពេលនេះបាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ បង្កើតកម្មវិធីនេះឡើង ដែលកម្មវិធីនេះពិតជាជួយកាត់បន្ថយ ការលំបាក ថវិកា និងពេលវេលារបស់ខ្ញុំ ក៏ដូចជានិស្សិតផ្សេងទៀត ក្នុងការដាក់ពាក្យស្វែងរកការងារធ្វើ»។
សូមជម្រាបថា យុវជន តាំង លីមគួង បានពេញចិត្ត និងដាក់ពាក្យជាមួយក្រុមហ៊ុនចំនួន២គឺ ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន Vattanak Investment ដោយក្ដីរំពឹង៨០% ក្នុងការទទួលបានការងារ ក្នុងក្រុមហ៊ុនទាំង២។
សូមបញ្ជាក់ថា ក្រុមហ៊ុនដែលចូលរួម សហការជាមួយ NEA រៀបចំវេទិកាការងារ នេះឡើងរួមមាន៖ ក្រុមហ៊ុន EZECOM, ក្រុមហ៊ុន Wattanac Investment, ក្រុមហ៊ុន Online, ក្រុមហ៊ុន GFG, ក្រុមហ៊ុន ASIA វេលុយ, ក្រុមហ៊ុន CCE, ក្រុមហ៊ុន Turbotech, ក្រុមហ៊ុន Chipmong Group, ក្រុមហ៊ុន ISI និងអង្គការDDD។
យុវតី ផាន់ ផុនវីយ៉ា និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សិក្សាជំនាញ នីតិសាស្រ្ត បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំមានអារម្មណ៍សប្បាយ និងគាំទ្រនូវកម្មវិធី ដែលរៀបចំឡើងដោយ NEA នេះណាស់ ព្រោះមិនត្រឹមតែផ្ដល់ឱកាសការងារ ដល់និស្សិតប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយសម្រួលពេលវេលា និងការជំណាយដល់និស្សិតទៀតផង»។
កញ្ញាបន្ដថា «ខ្ញុំចង់ឲ្យមានកម្មវិធីនេះ ជារៀងរាល់ខែ និងសូមឲ្យក្រុមហ៊ុនចូលរួមឲ្យបានច្រើន ដើម្បីផ្តល់នូវឱកាសការងារ និងកម្មសិក្សាជូនដល់សិស្ស/និស្សិតបន្ថែមទៀត»។
សូមជម្រាបថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ NEA នឹងសហការជាមួយក្រុមហ៊ុន សហគ្រាសធំៗចំនួន១០ និងផ្តល់ឱកាសការងារចំនួន៧៦៨កន្លែង បន្ថែមទៀតសម្រាប់ ដែលក្នុងនោះមានធនាគារ CIMB, ក្រុមហ៊ុន តែ អៀកហុង អិនធើប្រាយ, ក្រុមហ៊ុន ISI , ក្រុមហ៊ុន Worldbridge , ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន Opennet , ក្រុមហ៊ុន Seatel , ក្រុមហ៊ុន TH F&B , ក្រុមហ៊ុន ICE Eletronics , ក្រុមហ៊ុន Metfoneជាដើម។
ដូច្នេះសូមប្អូនៗសិស្សនិស្សិត កុំភ្លេចរៀបចំប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមសម្ភាសការងារដោយផ្ទាល់ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖០០ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕