(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានចូលរូមបិទវគ្គសិក្សា នៃវិទ្យាល័យអេហ្វ អា អរ និងចែករង្វាន់ដល់សិស្សានុសិស្សពូកែចំនួន៤៥នាក់ និងសិស្សានុសិស្សធម្មតា ចំនួន២០០នាក់ ស្ថិតនៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
កញ្ញ យ៉ាង ហ៊ុយលីន ជនជាតិចិនតៃវ៉ាន់ ជានាយិកាសាលា បានថ្លែងថា ការបង្កើតអង្គការអេហ្វ អា អរ ជាអង្គក្រៅរាជរដ្ឋាភិបាលមូយ មិនរកប្រាក់ចំណេញ ដែលបានបង្កើតជិត២០ឆ្នាំមកហើយ ហើយការបង្កើតនេះបានជួយអភិវឌ្ឍលើវិស័យអប់រំ សកម្មភាពមនុស្សធម៌ សុខុមាភាពសង្គម និងផលប្រយោជន៍ជាសារធារណៈជាច្រើន។
នាយិកាសាលារូបនេះ បានបន្តថា ការផ្តល់ចំណេះដឹងដល់កូនខ្មែរ ពីសាលានេះរួមមាន៖ ថ្នាក់តម្បាញសំពត់ ថ្នាក់គំនូរ ថ្នាក់ភាសាអង់គ្លេស ថ្នាក់កាត់ដេរសម្លៀកបំពាក់ ថ្នាក់កុំព្យូទ័រ និងថ្នាក់ផលិតនំប៉័ងជាដើម។
លោក សាន ស៊ានហូ បានលើកទឹកចិត្តឱ្យសិស្សត្រូវធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អ ហើយដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ត្រូវរៀបចំការវិភាគសិក្សាឱ្យបានច្បាស់លាស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រូវមានវិធីសាស្ត្ររំឭកមេរៀនឱ្យបានរាល់ថ្ងៃ។ ក្រៅពីនេះ ត្រូវចេះគោរពគ្រូ និងស្ដាប់ដំបូន្មានឳពុកម្ដាយ ដើម្បីឱ្យខ្លួនជាទំពាំងស្នងឫស្សី ជាសសរទ្រូងប្រទេសជាតិ ដែលសង្គមទាំងមូលត្រូវការទំពាំងដែលរឹងមាំល្អ ដើម្បីដឹកនាំនាវាសង្គមនេះទៅរកវឌ្ឍនភាព។
លោកអភិបាលក្រុងប៉ោយប៉ែត បានផ្ដាំផ្ញើទៅដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំកសាងខ្លួនឱ្យសម្រេចនូវសមត្ថភាព ៤យ៉ាងដែលជាមូលដ្ឋានគ្រឹះនៃការសិក្សាគឺ៖ ខំរៀនឱ្យមានចណេះដឹង រៀនឱ្យមានចំណេះធ្វើ រៀនឱ្យមានសីលធម៌ និងរៀនឱ្យចេះរស់នៅជាមួយគ្នាដោយគ្មានរើសអើង និងគ្មានការបែងចែកអ្វីទាំងអស់។ លោកបន្តថា ការអប់រំទទួលបាននូវភាពថ្លៃថ្នូរ ទទួលចំណេះដឹងកាន់តែច្រើន អនាគតកាន់ប្រសើរ និងចៀសផុតពីគ្រឿងញៀន៕