Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទះឃើញសពបុរសម្នាក់ មានសភាពហើមរលួយ អណ្តែតក្នុងទឹកព្រែកកំពង់បាយកំពត មុខហាងខារ៉ាអូខេខូល នៅក្រុងកំពត

31-08-2018 14:42

(កំពត)៖ សពបុរសម្នាក់ មានសភាពហើមរលួយទៅហើយ អណ្តែតក្នុងទឹកព្រែកកំពង់បាយកំពត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅវេលាម៉ោង ៧៖០០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ត្រង់ចំណុចក្នុងព្រែកកំពង់បាយកំពត មុខហាងខារ៉ាអូខេខូល ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

សមត្ថកិច្ចនគរបាលក្រុងកំពត បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហូង សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

មន្ត្រីជំនាញនៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានឲ្យដឹងថា តាមការពិនិត្យលើខ្លួនប្រាណសាកសព បង្ហាញថា ជនរងគ្រោះអាចស្លាប់មុនពេលពិនិត្យ ជាង១០០ម៉ោង នៅលើខ្លួនសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យទៅលើករណីឃាតកម្មនោះទេ សាកសពអាចលង់ទឹកស្លាប់ដោយខ្លួនឯង។

ប្រភពពីស្រ្តីម្នាក់ឈ្មោះ ឆយ សុប៊ី អាយុ២៧ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងដែរថា ប្តីរបស់ខ្លួននៅមុនពេលកើតហេតុ បានចេញពីផ្ទះកាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ មិនឃើញមកផ្ទះវិញសោះ ក៏ចេះតែរង់ចាំមើល។ លោកស្រីបន្តថា លុះព្រឹកឡើង មានសាច់ញាតិខាងប្តីមកប្រាប់ថា យប់មិញប្តីនាងឯងទៅផឹកស៊ីលើទូកទេសចរណ៍ ក្បែរមាត់ព្រែករួចមានរឿង បានលោតទឹកបាត់ខ្លួនតាំងពីយប់មកម្លេះ ហើយក៏បាត់ដំណឹងប្តីរហូត មិនឃើញមកផ្ទះវិញសោះ ចាប់ពីពេលនោះមក។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចរាល់ ក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕