(កំពង់ធំ)៖ ដោយអនុវត្តតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល និងមានការយកចិត្តទុកដាក់ពី សន្តិសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបំពាក់វិទ្យុទាក់ទងដៃ ចំនួន២៣គ្រឿង ជូនដល់ប្រជាការពារ ចំនួន០៥ភូមិគឺ៖ ភូមិកំញ៉ាត, ភូមិព្នៅ, ភូមិត្នោត, ភូមិទន្សាយ និងភូមិញាតិទន្លេ របស់ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ពិធីនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តពោធិ៍វង្សហត្ថី ហៅវត្តពោធិ៍ ស្ថិតនៅក្នុងភូមិកំញ៉ាត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាការចូលរួមឧបត្ថម្ភរបស់ព្រះអង្គព្រះនាម ចែម មុន្នីចិន្តា គ្រូចៅអធិការវត្តពោធិ៍វង្សហត្ថី ហៅវត្តពោធ៍។
ក្នុងឱកាសនោះដែរ ក្រោយពីបំពាក់វិទ្យុទាក់ទងដៃ ជូនដល់ប្រជាការពាររួចមក លោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ជ ដែលបាននាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក ដើម្បីថែរក្សានូវសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្តទៅមុខទៀត។
លោកក៏បានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច អំពីតួនាទីភារកិច្ច និងសិទ្ធិ ជូនដល់ប្រជាការពារដែលត្រូវអនុវត្ត ជៀសវាងប្រព្រឹត្តខុសពីគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
លោក សោម ស៊ុន បានថ្លែងថា សូមផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទ្រព្យសម្បត្តិសាធារណៈ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលទាំងអស់គ្នា៕