(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានប្រកាសថា ខ្លួនបានលក់ភាគហ៊ុនរហូតដល់៨០ភាគរយ ទៅឲ្យធនាគាររបស់ចិនមួយ ដែលមានឈ្មោះថា «ធនាគារពាណិជ្ជ និងសន្សំស៊ាងហៃ (The Shanghai Commercial & Savings Bank, Ltd.) ហៅកាត់ថា SCSB ។
សេចក្តីប្រកាសព័ត៌មានរបស់ AMK ដែលចុះផ្សាយលើ Website ផ្លូវការរបស់ខ្លួន បានបញ្ជាក់ថា ការលក់ភាគហ៊ុនឲ្យធនាគាររបស់ចិន ដោយសារហេតុផលចំនួនពីរ៖ ទី១៖ ភាគទុនិកចាស់ចំនួនបីរបស់ AMK ផុតកំណត់អណត្តiវិនិយោកនឹងត្រូវចាកចេញ និងទី២៖ ដោយសារតែបេសកកម្ម និងទស្សនវិស័យរបស់ SCSB និង AMK មានលក្ខណៈដូចគ្នាស្ទើរតែ ទាំងស្រុង គឺជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ AMK បានលើកឡើងក្នុងសេចក្តីប្រកាសព៍ត៌មានថា «វាជាឱកាសរបស់ AMK ដែលយើង ជ្រើសរើសយក SCSB ព្រោះយើងនៅតែមានជំនឿយ៉ាងមុតមាំថា ប្រព័ន្ធធនាគារមួយដែលមានភាពរឹងមាំ គឺត្រូវការម្ចាស់ភាគហ៊ុនដែលមានប្រភពទុនធំ ហើយ SCSB គឺជាធនាគារមួយដែលមានភាពស័ក្តិសមដែល អាចនាំ AMK អភិវឌ្ឍន៍ទៅជំហានបន្ទាប់ទៀត»។
គិតត្រឹម ខែឧសភា ឆ្នាំ២០១៨ នេះ AMK មានបុគ្គលិកសរុបចំនួនជាង ២៦០០នាក់ អតិថិជនចំនួនជាង៧៨ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង២៣០លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង១២៦លានដុល្លារអាមេរិក។
ធនាគារ SCSB គ្រប់គ្រងទ្រព្យសកម្មសរុបចំនួន ជាង៥៨ពាន់លានដុល្លារ និងដើមទុនជាង១,៣ ពាន់លានដុល្លារអាមេរិក និងមូលធនរបស់ម្ចាស់ភាគហ៊ុនសរុបជាង ៥,៥ពាន់លានដុល្លារអាមេរិក៕