(ភ្នំពេញ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក CHAN CHUN SING រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី។

កិច្ចប្រជុំនេះ ក៏មានការចួលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសសមាជិកអាស៊ាន រដ្ឋមន្រ្តីនិងគណៈប្រតិភូនៃប្រទេសជាដៃគូ អគ្គលេខាធិការអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន ដោយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

១. កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុន លើកទី១០៖
រដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ) និងជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌមេគង្គ-ជប៉ុន ជាពិសេសលើការអនុវត្តគម្រោង និងទស្សនវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ-ជប៉ុន និងការធ្វើឲ្យកាន់តែស៊ីជម្រៅក្នុងក្របខ័ណ្ឌអនុតំបន់មេគង្គ។

លោក សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបអង្គប្រជុំ ពីសារៈសំខាន់នៃការតភ្ជាប់ក្នុងបណ្តាប្រទេសមេគង្គ ជាពិសេសលើហេដ្ឋារចនាសម័្ពន្ធ តាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង (Southern Economic Corridors) និងសារៈសំខាន់នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសិទ្ធិចរាចរណ៍ ការមិនយកពន្ធត្រួតគ្នា និងទំនិញឆ្លងកាត់ព្រំដែន ជាពិសេសរវាងកម្ពុជា-ថៃ។

បន្ថែមពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាវិស័យអាទិភាព ស្របពេលដែលកម្ពុជាបាននិងកំពុងផ្លាស់ប្តូរពីការប្រើប្រាស់កំលាំងពលកម្មទៅជាការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសសារៈសំខាន់នៃការចូលរួមរបស់វិស័យឯកជន រួមមានសហគ្រាសធុនតូច និងមធ្យម ដែលជាកាតាលីករដ៏សំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចឌីជីថល។

ភាគីជប៉ុន បានបង្ហាញជំហរគាំទ្រលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងរឹង និងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើវិស័យសេដ្ឋកិច្ចឌីជីថល រួមមានពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។

២. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ចិន លើកទី១៧៖
កិច្ចពិគ្រោះយោបល់បានពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលក្នុងនោះមានការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន របាយការណ៍វឌ្ឍនភាពនៃសេចក្តីប្រកាសរួមស្តីពីសហប្រតិបត្តិការសមត្ថភាពផលិតកម្ម និងការតភ្ជាប់ហេដ្ឋារចនាសម័្ពន្ធ កិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមវិថីមួយ-ខ្សែក្រវាត់មួយ កិច្ចសហប្រតិបត្តិការលើជំនួយអាស៊ាន-ចិន ជាដើម ដោយបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការរួមគ្នា ដើម្បីជំរុញទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀត។

លោករដ្ឋមន្រ្តី បានជម្រាបពីការគាំទ្ររបស់កម្ពុជា និងថ្លែងអំណរគុណដល់ភាគីចិន ដែលបានអញ្ជើញកម្ពុជា ធ្វើជាប្រទេសកិត្តិយសក្នុងពិព័រណ៍អាស៊ានចិនលើកទី១៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

៣. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន- ជប៉ុន លើកទី២៤៖
កិច្ចពិគ្រោះយោបល់ បានស្វាគមន៍កិច្ចសន្ទនារវាងសហព័ន្ធសភាពាណិជ្ជកម្មជប៉ុន និងឧស្សាហកម្មអាស៊ាន លើគំនិតផ្តួចផ្តើម ក្នុងគោលដៅជំរុញនវានុវត្តន៍ ពង្រឹងវិស័យធុរកិច្ច និងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។

កិច្ចពិគ្រោះយោបល់ បានកត់សម្គាល់លើគម្រោងនានាក្រោមគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម ជប៉ុន (AMEICC) ជាពិសេសទាក់ទងនឹងការអភិវឌ្ឍន៍វិស័យធុរកិច្ចឧស្សាហកម្ម កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅជំរុញការអភិវឌ្ឍ និង ពង្រឹងទំនាក់ទំនងរវាងអាស៊ាន-ជប៉ុនឲ្យកាន់តែស៊ីជម្រៅថែមទៀត។

បន្ថែមពីនេះទៀត កិច្ចពិគ្រោះយោបល់ក៏បានពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន ដោយបានជំរុញភាគីពាក់ព័ន្ធទាំងអស់ ពន្លឿនលើការបញ្ចប់ពិធីសារទី១ ស្តីពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន-ជប៉ុន ដើម្បីអាចចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។

៤. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន- កូរ៉េ លើកទី១៥៖
កិច្ចពិគ្រោះយោបល់បានកត់សម្គាល់ពីសកម្មភាពសហប្រតិបត្តិការនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កូរ៉េ ដែលផ្តោតសំខាន់លើវេទិកាធុរកិច្ចអាស៊ាន-កូរ៉េក្នុងការចែករំលែកបទពិសោធន៍ ក៏ដូចជាសហប្រតិបត្តិការសេដ្ឋកិច្ច និងការជំរុញកិច្ចសហការរវាងសហគ្រាសធុនតូច និងមធ្យម ក្នុងអាស៊ាន និងកូរ៉េ និងកម្មវិធី TASK ដែលបាននឹងកំពុងជួយប្រឹក្សា និងបណ្តុះបណ្តាលសហគ្រាសក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម ។

កិច្ចពិគ្រោះយោបល់ក៏បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការផ្តល់សច្ចាប័នលើពិធីសារទី៣ ស្តីពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-កូរ៉េ និងបានជំរុញឲ្យភាគីនៃកិច្ចព្រមព្រៀងពន្លឿនការធ្វើសេរីភាវូបនីយកម្មបន្ថែមក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-កូរ៉េ។

៥. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី លើកទី២១៖
កិច្ចពិគ្រោះយោបល់បានស្វាគមន៍ និងវាយតម្លៃខ្ពស់នូវរបាយការណ៍ និងអនុសាសន៍ របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ជាពិសេសលើការចូលរួមសម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ីខាងកើត និងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្របតាមគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

កិច្ចពិគ្រោះយោបល់ក៏បានអនុម័តលើផែនការសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី ២០១៩-២០២០ ដែលរួមបញ្ចូលនូវសកម្មភាពសំខាន់ៗជាច្រើនដូចជា សកម្មភាពស្រាវជ្រាវរួម ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម កិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ផងដែរ។

៦. កិច្ចប្រជុំរដ្ឋមន្រ្តី នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ លើកទី៦៖
កិច្ចប្រជុំនេះ បានពិភាក្សាលើ បញ្ហានៅសេសសល់មួយចំនួនដែលត្រូវការការសម្រេច និងការណែនាំពីថ្នាក់រដ្ឋមន្រ្តីដែលផ្តោតសំខាន់លើវិស័យធំៗទាំងបួន រួមមានពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ និងកម្មសិទ្ធិបញ្ញា។

រដ្ឋមន្រ្តីនៃប្រទេសទាំង១៦ បានបង្ហាញពីជំហរទន់ភ្លន់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបញ្ចប់ចរចាកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៨ តាមអាណត្តិផ្តល់ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង១៦ ដោយជំរុញឲ្យភាគីចរចាទាំងអស់ខិតខំប្រឹងប្រែងបន្ថែមទៀត និងឆ្លើយតបជាវិជ្ជមានទាំងលក្ខណៈទ្វេភាគី និងពហុភាគី។

អង្គប្រជុំក៏បានបញ្ជាក់ជាថ្មី ពីការផ្តល់ភាពទន់ភ្លន់ពិសេស ដល់ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា ក្រោយពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន៕