(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង១៨៦ម៉ែត្រ ទទឹង៨ម៉ែត្រ និងដាក់បំពង់លូមូលរំដោះទឹក០១ខ្សែ ប្រវែង២៨០ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងធ្វើការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីបន្តជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនបន្ថែមទៀត។
លោកអភិបាលខណ្ឌដង្កោ បានប្តេជ្ញាអនុវត្ត ដោះស្រាយបញ្ហានានាដែលបានសន្យាជាមួយប្រជាពលរដ្ឋមុនបោះឆ្នោតឲ្យបានជោគជ័យ ហើយផ្លូវបេតុងថ្មី និងប្រព័ន្ធលូរំដោះទឹក ដែលបើកការដ្ឋានស្ថាបនានៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងភូមិសំបួរ ព្រមទាំងជួយសម្រួលដល់ ការធ្វើដំណើរបញ្ជៀសការលិចលង់នៅរដូវវស្សា និងបង្កើនសោភណ្ឌភាព នៃការរស់នៅផងដែរ។
បន្ថែមពីនេះ លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ ក្នុងការស្ថាបនាឲ្យបានឆាប់រួចរាល់ និងចូលរួមថែរក្សាដើម្បី ប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងភូមិសំបួរ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរដល់ ការលំបាករបស់ពួកគាត់ និងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃផងដែរ៕