(ភ្នំពេញ)៖ CAMBUILD ជាការតាំងពិព័រណ៍វិស័យស្ថាបត្យកម្មអគារ និងសំណង់អន្ដរជាតិធំជាងគេបំផុតរបស់កម្ពុជា ដែលនឹងផ្ដោតលើការយកចិត្តទុកដាក់លើ ប្រធានបទគំនិតច្នៃប្រឌិត ការរចនា និងការរៀបចំបែបទីក្រុងបៃតង សម្រាប់ទីក្រុងវៃឆ្លាត សម្រាប់ការអភិវឌ្ឍទីក្រុងនាពេលអនាគតនៅកម្ពុជា។
ពិព័រណ៍នេះត្រូវរៀបចំឡើង នៅថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
គំនិតផ្ដួចផ្ដើមទីក្រុងវៃឆ្លាត នឹងធ្វើឲ្យទីក្រុងកម្ពុជាកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្ដភាព អមជាមួយបរិស្ថានល្អ សម្រាប់អ្នកដែលរស់នៅក្នុងទីក្រុងភ្នំពេញ ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារ កាំបូឌីយ៉ាណា។
លោក Andrew Siow នាយក្រុមហ៊ុន AMB Tarsus Evente Group ដែលជាអ្នករៀបចំកម្មវិធី CAMBUILD ឆ្នាំ២០១៨ បានឲ្យដឹងថា CAMBUILD ឆ្នាំ២០១៨ ត្រូវបានរៀបចំលើកទី៨ គឺជាព្រឹត្តិការណ៍ដែលស្ថាបត្យករ អ្នករចនា អ្នកអភិវឌ្ឍន៍ វិស្វករ អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយ មានឱកាសចូលរួម ទស្សនាការផ្គត់ផ្គង់ផលិតផលថ្មីៗជាមួយបច្ចេកវិទ្យា និងទទួលបានគំនិតច្នៃប្រឌិតថ្មីៗ នៅក្នុងឧស្សាហកម្មសំណង់។
លោកបន្ថែមថា ស្តង់តាំងពិព័រណ៍ជាង៣៥០ក្រុមហ៊ុន និងម៉ាកផលិតផលអន្ដរជាតិមកពី២៣ប្រទេស។ លើសពីនេះទៀត ក៏មានកម្មវិធីផ្ដល់ជូនពិសេសៗភ្ជាប់ជាមួយបញ្ចុះតម្លៃជាច្រើនផងដែរ។
លោក ភឿន សោភ័ណ អគ្គលេខាធិការក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា និងជារដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មបានថ្លែងថា ការតាំងពិព័រណ៍ CAMBUILD ឆ្នាំ២០១៨ ស្របពេលដែលប្រទេសកម្ពុជា មានសុខសន្ដិភាព និងការអភិវឌ្ឍ និងមានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យសំណង នៅកម្ពុជាទាំងមូល។
លោកបន្ដថា វិស័យសំណងគឺកត្តាដ៏មានសារៈសំខាន់ ដើម្បីជំរុញវិស័យសេដ្ឋកិច្ចជាតិ ជាប់ស្ដែងកំណើនសេដ្ឋកិច្ចខាងវិស័យស្ថាបត្យកម្មប្រមាណ១៣១% ដូច្នេះមានក្រុមហ៊ុន សំណង និងគូរប្លង់ ជាង២២២៨ ក្រុមហ៊ុន។
CAMBUILD ឆ្នាំ២០១៨ នឹងបង្ហាញសម្រាប់ឧស្សាហកម្មធំៗ ផ្សេងទៀតដូចជា អគ្គិសនី និងវិស្វកម្ម ប្រព័ន្ធទឹកស្អាតនិងកាកសំណល់ ប្រព័ន្ធសុវត្ថិភាព និងគ្រឿងពន្លត់អគ្គិភ័យ ម៉ាស៊ីនត្រជាក់ និងបន្សុត ខ្យល់ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន AMB Tarsus Evente Group អ្នករៀបចំកម្មវិធីពាណិជ្ជ កម្មឈានមុខគេ មួយនៅអាស៊ីមានទីស្នាក់ការកណ្ដាលនៅទីក្រុងគូឡាឡាំពួរ។ ក្រុមហ៊ុននេះក៏ មានរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិនៅ បង់ក្លាដេស កម្ពុជា ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងស្រីលង្កា ផងដែរ ៕