(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងបុរសជនជាតិអូស្ត្រាលីម្នាក់ ដែលកំពុងជាប់ឃុំពាក់ព័ន្ធនិងបទចោទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយ ការការពារជាតិ» ដោយសម្រេចដាក់ពន្ធនាគារកំណត់៦ឆ្នាំ គិតពីថ្ងៃចាប់ខ្លូន តែទុកសិទ្ធិប្តឹងឧទ្ធរណ៍ តាមកំណត់ច្បាប់។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ពេជ្រ វិជ្ជាធរ បានចេញដីកាកោះឲ្យអនុរក្សពន្ធនាគារព្រៃស១ នាំខ្លួនបុរសជនជាតិអូស្រ្តាលី ឈ្មោះ Jame Ricketson អាយុ៦៨ឆ្នាំ ដែលបង្ហោះដ្រូនមកតុលាការ ដើម្បីបើកសវនាការ ពាក់ព័ន្ធជនបរទេសរូបនេះបានបង្ហោះដ្រូន ដើម្បីប្រមូលផ្តុំព័ត៌មានកាលពីពេលកន្លងទៅ។
លើសំណុំរឿងជនបរទេសរូបនេះដែរ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ២០១៧ កន្លងទៅ តុលាការបានសម្រេចឃុំខ្លួនបុរសជនជាតិអូស្រ្តាលីរូបនេះ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ក្រោមចោទប្រកាន់របស់លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មាន វិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយ ការការពារជាតិ តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។
បុរសជនជាតិអូស្រ្តាលីម្នាក់នេះ បានបង្ហោះដ្រូនពីលើអាកាស កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ តែត្រូវបានសមត្តកិច្ចនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី ផែនអន្តោប្រវេសន៍ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕