(កណ្ដាល)៖ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្ដាល លោក លឹម ចាន់សូភី បានចេញលិខិតបញ្ជាក់មួយច្បាប់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្នុងការឆ្លើយតបជូនទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបយកម្ម និងសំណង់ ជុំវិញករណីដែលប្រជាពលរដ្ឋនៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ចំនួន៥គ្រួសារ ដែលថាយំអត់ចេញ ក្រោយការកំណត់ចេញប្លង់រឹងរបស់ជំនាញភូមិបាល និងសុរិយោដី ខណៈម្ចាស់ដីនៅជាប់រវល់ការងារនៅក្រៅស្រុក។
ប្រធានមន្ទីររូបនេះ បានបកស្រាយឡើងវិញ ដើម្បីកុំអោយមជ្ឈដ្ឋានមួយចំនួន និងថ្នាក់ដឹកនាំ មានការយល់ច្រឡំ ខណៈមានជនខិលខូចមួយក្តាប់តូច ដើរធ្វើព្យុះភ្លៀង។
នៅក្នុងលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លោក លឹម ចាន់សូភី បានគូសបញ្ជាក់ថា ការដែលអាជ្ញាធរ ជំនាញភូមិបាល និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានចុះបំពេញភារកិច្ចជូនប្រជាពលរដ្ឋ រវាងអ្នកមានព្រំប្រទល់ដីជាប់គ្នា ប៉ុន្តែទន្ទឹមនឹងនេះ ប្រជាពលរដ្ឋយំមិនចេញដោយសារតែរវល់ ទៅបំពេញភារកិច្ចជូនជាតិ ឬរកស៊ីឆ្ងាយពីស្រុកកំណើត ដោយមិនដឹងពីការចុះបញ្ជីរបស់មន្ត្រីជំនាញនោះ គឺជាការនិយាយមិនពិត ព្រោះការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ធ្វើទៅបាន គឺផ្អែកលើអនុក្រឹត្យលេខ ៤៦ អនក្រ. បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ អនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលស្ដីពី ការកែសម្រួលមាត្រា៦ មាត្រា៧ និងមាត្រា១១ នៃអនុក្រឹត្យលេខ៤៦ អនក្រ. បក សារាចរណែនាំលេខ ០០១ ដនស/សដ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការចុះវាស់វែងនេះ គឺយោងតាមសេចក្ដីជូនដំណឹងលេខ ៥១៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្ដីពីកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ។ សេចក្ដីជូនដំណឹងលេខ ២៨៦ សណ.កណ ចុះថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១១ ស្ដីពីការបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ និង សេចក្ដីជូនដំណឹងលេខ ៥៨៤ សជណ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ស្ដីពីការចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសម្គាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចនវត្ថុ។
ក្នុងលិខិតដដែលបានបន្តថា ការចុះបញ្ជីធ្វើឡើងមាន៥ដំណាក់កាល ប្រកាសជាសាធារណៈ សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ-ឃុំ ដែលត្រូវចុះបញ្ជីដោយមិនរើសអើង និន្នាការនយោបាយណាឡើយ ប្រាកាសតាមវិទ្យុ ទូរទស្សន៍ ទៅតាមនីតិវិធី៥ជំហាន៖
*សម្រាប់ឈ្មោះ ហ៊ង ហឿង និងប្រជាពលរដ្ឋ៥គ្រួសារ ដែលបានលើកឡើងគឺជាការបំភ្លឺសមិនការពិតនោះឡើយ
*តាមឯកសារវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១០០៩០១-០៥០១ របស់លោកស្រី ហៀវ លន់ មានក្បាលដីប្រវែង១៤៤ម៉ែត្រ បានចុះបញ្ជីត្រឹមត្រូវតាមនីតិវិធី។
សូមបញ្ជាក់ថា លោកស្រី ហៀវ លន់ ដែលបានទិញដីពីឈ្មោះ ឆាយ ម៉ៅ មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខ D(IV) ០៣១១ ចេញនៅឆ្នាំ ២០០៧។ ចំពោះលោក ហ៊ង ហឿង និងប្រជាពលរដ្ឋ៥គ្រួសារទៀត តាមការពិនិត្យជាក់ស្ដែង និងសាកសួរពីលោកមេឃុំបញ្ជាក់ថា ចំណែកដីរបស់គាត់គឺ បោះបង្គោលកាន់កាប់ស្ថិតនៅលើដីចំណីផ្លូវ និងប្រឡាយនឹងថែមទាំងរំលោភចូលដី កម្មសិទ្ធិប្លង់រឹងបន្ថែមនៅ អំឡុងឆ្នាំ២០១៨ ក្នុងខែមេសាថ្មីៗនេះដោយមានរយៈពេលជាង៤ទៅ៥ខែ តែប៉ុណ្ណោះ។
ក្នុងលិខិតនោះមានសង្កត់ធ្ងន់ថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងសហការជាមួយការិយាល័យរៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ដោយមានការចូលរួមពីអាជ្ញាធរស្រុក ដើម្បីពន្យល់ណែនាំជូន លោក ហ៊ង ហឿង និងប្រជាពលរដ្ឋ៥គ្រួសារ ទៀតអំពីនីតិវិធីច្បាប់ ជូនគាត់ឲ្យដឹងពីការ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជៀសវាងមានការភ័ន្តច្រឡំតទៅទៀត។
ថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ អ្នកស្រី ហៀវ លន់ បានប្រាប់ឲ្យដឹងថា តាមការពិតឈ្មោះ ហ៊ង ហឿង គឺជាអ្នកគូកជេដី ហើយក៏គ្មានដី នៅចំណុចខាងក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលនោះដែរ។ កន្លងមកឈ្មោះ ហ៊ង ហឿន ចេះតែដើរចង្អុលដីបន់ឡំឯកសារ ដោយគ្មានដីណាមួយធ្វើឲ្យអាជ្ញាធរយល់ច្រឡំ។
អ្នកស្រី ហៀវ លន់ បន្តថា ដីនៅចំណុចខាងលើ គឺអ្នកស្រីបានទិញពីឈ្មោះ ឆាយ ម៉ៅ តាំងពីឆ្នាំ២០០៧ ដោយមានឯកសារ និងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ត្រឹមត្រូវ ប៉ុន្តែនៅឆ្នាំ២០១៣ មន្រ្តីក្រសួង និងមន្ត្រីមន្ទីរសូរិយោដី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះមកវាស់វែងធ្វើប្លង់ជាប្រពន្ធ័ ជាថ្មី (ប្លង់អិលម៉ាប) ហើយក៏មានប្រជាពលរដ្ឋជាច្រើន ដែលជាម្ចាស់ដី បានទៅចូលរួមជាមួយមន្ត្រីជំនាញដើម្បី ចុះកំណត់បង្ហាញលើដីដែលមាន ចុះហេតុអ្វីបានជាមិនឃើញឈ្មោះ ហ៊ង ហឿង ចេញមក? ហេតុអ្វីបានជាទើបចេញមក នៅពេលនេះទៅវិញ? ខណៈការវាស់វែងនេះ មានរយៈពេលច្រើនខែថ្ងៃផងនោះ។
លោកស្រីបញ្ជាក់ថា រាល់ការទិញដីចំណុចភូមិព្រែកថី ឃុំរកាខ្ពស់ស្រុកស្អាង ដោយមានម្នាស់ដើមត្រឹមត្រូវស្របច្បាប់ ក្នុងអំឡុងឆ្នាំ២០០៧ លើទំហំផ្ទៃដីសរុប១៩.៧៩៧មែត្ររ៉េ ដោយប្រគល់ប្រាក់គ្រប់ចំនួន និងមានព្រំប្រទល់ច្បាស់លាស់ គឺខាងជើងជាប់និងឡៅយូឃាង ខាងកើតជាប់ជៀមង៉ូវឆសៀមខាងត្បូងជាប់ និងផ្លូវឆសៀម និងខាងលិចជាប់នឹងប្រឡាយផ្លូវជាតិលេខ២១តែម្តង។
ជុំវិញការចោទប្រកាន់គ្មានការពិតនេះ អ្នកស្រី ហៀវ លន់ និងត្រៀមរៀបចំឯកសារមួយចំនួន ដើម្បីដាក់ពាក្យបណ្តឹងលោក ហ៊ង ហឿង ដែលផ្តល់ព័ត័មានមិនពិត បំប៉ោងសភាពការណ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈទៅតុលាការ តាមនិតិវិធីច្បាប់ជាធរមាន។ លោកស្រីក៏បានអំពាវនាវដល់មន្រ្តីអាជ្ញាធរ និងមន្ត្រីជំនាញភូមិបាល សូរិយោដី, មន្ទីររៀបចំដែនដី នគររូបណីកម្មខេត្ត ពិនិត្យមើលឡើងវិញ និងកុំជឿតាមការញុះញង់របស់ជនខិលខូច ដែលតែងតែឃុបឃិតគ្នា រំលោភយកដីអ្នកដទៃ ដោយប្រើនយោបាយថា «ចាញ់បានលុយ ឈ្នះបានដី» ដើម្បីកុំឲ្យជនខិលខូចទាំងនេះ ដើរបង្កបាតុភាពបែបនេះ កើតឡើងបន្តទៀត។ ករណីប្រជាពលរដ្ឋយំអត់ចេញនោះ គឺយំអត់ចេញដោយសារ គ្មានដីលក់ឲ្យគេ ពោលគឺមានតែប្លង់ក្លែងក្លាយ ប៉ុន្តែគ្មានដីពិតប្រាកដ។
យ៉ាងណាមិញលោក ហ៊ង ហឿន បានថ្លែងប្រាប់ Fresh News តាមទូរស័ព្ទនៅថ្ងៃនេះថា ប្រសិនបើខាងភាគីម្ចាស់ដើម លោកស្រី ហៀវ លន់ មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ច្បាស់លាស់ បង្ហាញដល់មន្ត្រីបែបនេះអស់ហើយ លោកក៏មិនចង់និយាយអ្វីឲ្យវែងឆ្ងាយទៀតដែរ ប៉ុន្តែលោកនៅមិនអស់ចិត្ត ខណៈដែលរូបលោក ក៏មានឯកសារបញ្ជាក់ពីភូមិឃុំផងដែរ។
សូមបញ្ជាក់ថា ការចេញមកបកស្រាយរបស់ប្រធានមន្ទីរ និងលោកស្រី ហៀវ លន់ ខាងលើនេះ បន្ទាប់ពីប្រជាពលរដ្ឋទាំង៥គ្រួសាររស់នៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានលើកឡើងថា ការដែលអាជ្ញាធរ ឬជំនាញភូមិបាល និងសូរិយោដី, មន្ទីររៀបចំដែនដី នគររូបណីកម្ម និងសំណង់ខេត្ត បានចុះបំពេញភារកិច្ចជូនពួកគាត់នោះ គឺជាចំណែកដ៏ធំមួយក្នុងការកាត់បន្ថយជម្លោះដីធ្លី រវាងអ្នកមានព្រំប្រទល់ដីជាប់គ្នា៕