(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការផ្តួចផ្តើមឲ្យស្ត្រីប្រើប្រាស់បច្ចេកទេសវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ពិតជាមានសារសំខាន់ណាស់សម្រាប់ស្ត្រីទាំងអស់គ្នា ព្រោះវគ្គនេះនឹងផ្តល់ចំណេះដឹង និងជំនាញចាំបាច់ ដូចជាការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ការគ្រប់គ្រងហិរញ្ញវត្ថុ លក្ខខណ្ឌ និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការស្វែងរកទីផ្សារកាន់តែងាយស្រួល។
លោកបានថ្លែងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលផ្នែកគ្រប់គ្រងសហគ្រិន និងផ្តួចផ្តើមឲ្យស្ត្រីប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ដែលបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និងលោក Fuse Makoto ប្រធានគម្រោងរបស់អង្គការ CIESF ។
លោក រស់ ផារិទ្ធ បានលើកឡើងថា គោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយឆ្លើយតបទៅនឹងបំណងប្រាថ្នា តម្រូវការ និងលក្ខខណ្ឌចាំបាច់នានារបស់មូលដ្ឋាន ដើម្បីបង្កើនផលិតកម្ម បង្កើនវត្ថុធាតុដើម បង្កើនការកែច្នៃ ឬអភិវឌ្ឍ និងរកទីផ្សារទាំងក្នុង និងក្រៅប្រទេស ក្នុងការលក់ផលិតផលទាំងការផលិតជាប្រពៃណីទំនៀមទម្លាប់ និងផលិតផលបង្កើតថ្មីតែ ក៏ទាមទារឲ្យយើងចេះប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដែរ ទើបការងាររលូនទៅមុខបានល្អ។
អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា បើចេះប្រើឲ្យចំគោលដៅ នឹងមានប្រយោជន៍ដល់ខ្លួនយើង និងសហគមន៍ តែបើប្រើខុសនឹងមានបញ្ហាដល់ខ្លួនយើងវិញផងដែរ៕