(ភ្នំពេញ)៖ តាមរយៈដំណើរទស្សនកិច្ចរបស់ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា នៅប្រទេសសិង្ហបុរី, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនលុង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលសាកសមខាងមុខ ដើម្បីបន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សិង្ហបុរី ឱ្យកាន់តែប្រសើរថែមទៀត។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស ដែលបានចេញផ្សាយនាថ្ងៃទី៣១ ខែសីហានេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែសីហា នៅសាធារណរដ្ឋសិង្ហបុរី លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបសម្តែងការគួរសមជាមួយលោក លី សៀនលុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងបានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះនាយករដ្ឋមន្រ្តី លី សៀនលុង ដែលបានផ្ញើសារអបអរសាទរចំពោះជ័យជម្នះក្នុងការបោះឆ្នោតសកលនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានពាំនាំនូវការអញ្ជើញនាយករដ្ឋមន្រ្តី លី សៀនលុង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របខាងមុខ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។ នៅពេលឮដូច្នោះ នាយករដ្ឋមន្រ្តី លី សៀនលុង ក៏បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយបំផុត។
លើសពីនេះទៀត នាយករដ្ឋមន្រ្តី លី សៀនលុង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី និងបានសម្តែងនូវការរីករាយយ៉ាងខ្លាំងចំពោះភាពរឹងមាំនៃសន្តិភាព និងការបន្តអភិវឌ្ឍនៅកម្ពុជា។
ជាមួយគ្នានោះ លោក លី សៀនលុង បានលើកទឹកចិត្តឱ្យជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាពង្រឹងមជ្ឈភាពអាស៊ាន និងការកសាងសហគមន៍អាស៊ាន។
សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី រយៈពេល៣ថ្ងៃមកនេះ គឺប្រព្រឹត្តទៅតាមការអញ្ជើញរបស់លោក វីវៀន បាឡាក់គ្រីស្ហណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី៕