(ភ្នំពេញ)៖ នៅចំពោះមុខទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាក់គ្រីស្ហណាន់ បានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតសកលនៅកម្ពុជា និងបានសន្យាគាំទ្របន្ថែមទៀតនូវវឌ្ឍនភាពដ៏ស្វាហាប់ និងដំណើរការទំនើបភាវូបនីយកម្មរបស់កម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នៅសាធារណរដ្ឋសិង្ហបុរី ដែលបានចេញផ្សាយនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីនោះ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក វីវៀន បាឡាក់គ្រីស្ហណាន់ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងនូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សិង្ហបុរី ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានកំណើនកាន់តែច្រើនឡើង។
ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការតាំងចិត្តខិតខំធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ដើម្បីកសាងនូវទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ, រវាងធុរកិច្ច និងធុរកិច្ច និងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែខ្លាំងរឹងមាំ និងដើម្បីបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន៖ វិស័យអាកាសចរណ៍ ទូរគមនាគមន៍ ថាមពល ការងារ និងការអភិវឌ្ឍធនធានមនុស្ស។
សេចក្ដីប្រកាសបានបញ្ជាក់ថា «លោក វីវៀន បាឡាក់គ្រីស្ហណាន់ បានសម្តែងនូវការអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតសកលនៅកម្ពុជា និងបានសន្យាគាំទ្របន្ថែមទៀតនូវវឌ្ឍនភាពដ៏ស្វាហាប់ និងដំណើរការទំនើបភាវូបនីយកម្មរបស់កម្ពុជា»។
ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណចំពោះសិង្ហបុរី ដែលបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា និងបានបញ្ជាក់សារជាថ្មីអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះភាពជោគជ័យរបស់សិង្ហបុរី ក្នុងតួនាទីជាប្រធានអាស៊ាន។
ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានកោតសរសើរផងដែរចំពោះគំនិតផ្តួចផ្តើមនានា ក៏ដូចជាតួនាទីដ៏សកម្មរបស់សិង្ហបុរីក្នុងនាមជាប្រធានអាស៊ាន ដើម្បីលើកកម្ពស់សន្តិភាព សិ្ថរភាព និងការវិវត្តជាវិជ្ជមាននៅក្នុងតំបន់៕